បរទេស៖ លោកនាយករដ្ឋមន្ត្រី លោក Najib Mikati ដែលជាអ្នកនយោបាយ និងជាអ្នកជំនួញ ដ៏ស្តុកស្តម្ភលីបង់ បានទទួលជោគជ័យ ក្នុងការបង្កើតរដ្ឋាភិបាលថ្មី នៅថ្ងៃសុក្រសប្ដាហ៍នេះ បញ្ចប់ការជាប់គាំង រយៈពេលជាងមួយឆ្នាំ ដែលពន្លឿនការដួលរលំ របស់ប្រទេស និងធ្វើឲ្យធ្លាក់ចូល ទៅក្នុងភាពក្រីក្រកាន់តែជ្រៅ។
គណៈរដ្ឋមន្ត្រី មានសមាជិក២៤នាក់ ត្រូវបានគេរំពឹងថា នឹងត្រួសត្រាយផ្លូវ សម្រាប់កិច្ចចរចា ដែលគេទន្ទឹងរង់ចាំ ជាយូរមកហើយ ជាមួយមូលនិធិរូបិយប័ណ្ណអន្តរជាតិ ដើម្បីបន្ថយការធ្លាក់ចុះ និងព្រមព្រៀងគ្នា លើផែនការចាប់ផ្តើម សង្គ្រោះប្រទេស។
រដ្ឋាភិបាលថ្មី ក៏មានភារកិច្ចត្រៀមរៀបចំ សម្រាប់ការបោះឆ្នោតជាតិ ឆ្នាំក្រោយ ដែលអាចនាំមកនូវមុខមាត់ថ្មី ដល់រដ្ឋសភា និងបន្ថយការក្តោបក្តាប់ បក្សនយោបាយចាស់ ដែលរង់ការរិះគន់ជាខ្លាំង សម្រាប់ការរីករាលដាល នៃអំពើពុករលួយ និងការធ្លាក់ចុះសេដ្ឋកិច្ច របស់ប្រទេសលីបង់ មិនធ្លាប់មានពីមុន។
តាមសេចក្តីរាយការណ៍ គណៈរដ្ឋមន្ត្រីថ្មី ដែលបានប្រកាសពីវិមានប្រធានាធិបតី ក្រោយលោក Najib Mikati និងលោកប្រធានាធិបតី Michel Aoun បានចុះហត្ថលេខាលើក្រឹតមួយ ជាមួយវត្តមាន របស់ប្រធានរដ្ឋសភា លោក Nabih Berri នោះ ត្រូវបានបង្កើតឡើងភ្លាមៗ៕
ប្រែសម្រួល៖ប៉ាង កុង