បរទេស៖ ក្រសួងការបរទេស របស់ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានធ្វើការបញ្ជាក់កាលពីថ្ងៃសុក្រថា មន្ត្រីមកពីសហរដ្ឋអាមេរិក កូរ៉េខាងត្បូងនិងប្រទេសជប៉ុន នឹងប្រារព្ធធ្វើកិច្ចប្រជុំមួយ ស្តីពីបញ្ហាកូរ៉េខាងជើង នៅសប្ដាហ៍ក្រោយនេះ នៅក្នុងទីក្រុងតួក្យូ។
ប្រទេសទាំង៣នេះ បាននិងកំពុងតែធ្វើការពិភាក្សាគ្នារកផ្លូវ ដើម្បីបំបែកការជាប់គាំង ជាមួយកូរ៉េខាងជើង ជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែ និងមីស៊ីលផ្លោង របស់ប្រទេសកុម្មុយនិស្ត ឯកោនេះ ហើយលោក Noh Kyu-duk ជាតំណាងពិសេស របស់ទីក្រុងសេអ៊ូល ទទួលបន្ទុកកិច្ចការសន្តិភាព និងសន្តិសុខ លើឧបទ្វីបកូរ៉េ នឹងធ្វើដំណើរទៅ ប្រទេសជប៉ុន នៅថ្ងៃអាទិត្យស្អែកនេះ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ។
យោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Today World នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងខណៈនៅប្រទេសជប៉ុននោះ លោកនឹងជួប ជាមួយប្រេសិតអាមេរិក ទទួលបន្ទុកកិច្ចការ កូរ៉េខាងជើង លោក Sung Kim និងលោក Takehiro Funakoshi ជាអគ្គនាយកនៃការិយាល័យ កិច្ចការអាស៊ីនិងអូសេអានី របស់ក្រសួងការបរទេសជប៉ុន។
សេចក្តីថ្លែងការណ៍មួយ ពីទីក្រុងសេអ៊ូលបាននិយាយថា “ប្រទេសទាំង៣ ត្រូវបានគេរំពឹងថា នឹងធ្វើកិច្ចពិភាក្សាគ្នា យ៉ាងស៊ីជម្រៅ ស្តីពីវិធីលើកកម្ពស់សហប្រតិបត្តិការ ដើម្បីគ្រប់គ្រង ស្ថានភាពឧបទ្វីកកូរ៉េ ឲ្យមានស្ថិរភាព និងបន្តដំណើរការសន្តិភាព លើឧបទ្វីបកូរ៉េ នាពេលបច្ចុប្បន្ននេះ”៕
ប្រែសម្រួល៖ប៉ាង កុង