ភ្នំពេញ៖ តាមរយៈសំណេរ ក្នុងវេសប៊ុកផ្លូវការរបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែងអំណរអរគុណ យ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្ត របស់លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ដែលតែងតែជួយទុក្ខធុរៈ ដល់ប្រជាពលរដ្ឋ ជាបន្តបន្ទាប់កន្លងមក ជាពិសេសសម្រាប់ពលរដ្ឋរស់នៅលើកោះ ដែលមានបញ្ហាសុខភាព ត្រូវការសង្គ្រោះបន្ទាន់ ។
ចំពោះសកម្មភាព ដែលនាំអោយមានការរកោតសរសើរ ពីស្នងការនគរបាល ខេត្តព្រះសីហនុរូបនេះ បន្ទាប់ពីលោកឧកញ៉ា ទៀ វិចិត្រ តែងតែចាត់ក្រុមការងារសង្គ្រោះ និងអូប័រល្បឿនលឿន របស់ក្រុមហ៊ុន GTVC ចេញដំណើរទៅទទួល អ្នកដែលមានបញ្ហាសុខភាព ត្រូវការសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ដោយមិនថាថ្ងៃឬយប់ តែងតែប្រតិបត្តិការភ្លាមៗ និងទាន់ពេលវេលា ។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តព្រះសីហនុ បានបន្ថែមថា ថ្មីៗនេះមន្ត្រីនគរបាលមួយរូប នៅក្រុងកោះរ៉ុង ដែលជួបបញ្ហាសុខភាពធ្ងន់ធ្ងរ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានចាត់ចែង បញ្ជូនអូបរ័ពេទ្យទៅជួយដឹក យកមកមន្ទីរពេទ្យភ្លាមៗ ទាំងយប់ផងដែរ៕