ភ្នំពេញ៖ នៅចំពោះមុខ អនុព័ន្ធយោធាថ្មីសហរដ្ឋអាមេរិក ប្រចាំកម្ពុជា នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានលើកឡើងថា កម្ពុជានៅតែចាត់ទុក សហរដ្ឋអាមេរិក ជាមិត្តល្អរបស់កម្ពុជា។
ក្នុងឱកាស អនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ថាំង ជែកឃី លី (Thang Jacky Ly ) អនុព័ន្ធយោធាថ្មីសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណដល់ សហរដ្ឋអាមេរិក ដែលថ្មីៗនេះបានជួយដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ តាមរយៈការផ្ដល់វ៉ាក់សាំងចំនួន ១លាន ៦សែនដូស រួមទាំងសម្ភារៈបរិក្ខាពេទ្យមួយចំនួនទៀត។ ក្រៅពីនោះ សហរដ្ឋអាមេរិកនៅបានផ្ដល់ជំនួយមនុស្សធម៌ដល់កម្ពុជា ដូចជា ការជួយសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្ដុះបណ្ដាលធនធានមនុស្ស ជាដើម។
នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក នាពេលកន្លងមក ក្នុងការស្រាវជ្រាវរុករកអដ្ឋិធាតុកងទ័ពអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាមនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការ បង្ក្រាបអំពើភេរវកម្ម ការជួញដូរមនុស្ស ក៏ដូចជាការហ្វឹកហ្វឺនឆ្មាំអង្គរ និងការកសាងកម្លាំងរបស់កងយោធពលខេមរភូមិន្ទ ដែលត្រូវទៅបំពេញបេសកកម្មនៅអង្គការសហប្រជាជាតិ និងលំហរសមុទ្រផងដែរ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន បញ្ជាក់ពីជំនឿរបស់ខ្លួនថា «ទៅថ្ងៃអនាគត សហរដ្ឋអាមេរិកនៅតែបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា ដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព ការគោរពគ្នា និងការជឿទុកចិត្តគ្នាទៅវិញទៅមក ហើយកម្ពុជានៅតែចាត់ទុកសហរដ្ឋអាមេរិកជាមិត្តល្អរបស់កម្ពុជា។
ក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ថាំង ជែកឃី លី Thang Jacky Ly បានជម្រាបជូន នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការពីគោលបំណងនៃការមកបំពេញបេសកកម្មការទូតនៅកម្ពុជា ដោយទី១ ធ្វើការសិក្សាស្វែងយល់ពីវប្បធម៌ និងទំនៀមទម្លាប់របស់ប្រទេសកម្ពុជា ទី២ ធ្វើការយ៉ាងជិតស្និតជាមួយថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរ ។
ក្នុងកិច្ចឆ្លើយតប នាយឧត្តមសេនីយ៍ វង្ស ពិសេន បានលើកឡើងពីទំនាក់ទំនងការទូតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលមានតាំងពីឆ្នាំ១៩៥០ ហើយមកដល់បច្ចុប្បន្ននេះ កម្ពុជានៅតែមានជំហររក្សាកិច្ចសហប្រតិបត្តិការល្អជាមួយសហរដ្ឋ អាមេរិក៕