នយោបាយ

លោក ព្រាប កុល បង្ហាញអត្ថបទ សម្រាប់ជាចំណេះដឹង ដល់កូនខ្មែរ អំពីសាវតាខ្មែរ និងវៀតណាម

ភ្នំពេញ៖ ក្រោយពីមានការ លាយព្រះហស្តលេខា របស់ព្រះមហាក្សត្រ ដាក់ឲ្យប្រើប្រាស់ លើសន្ធិសញ្ញាបំពេញបន្ថែម លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម លោក ព្រាប កុល នាយកប្រតិបត្តិ អង្គការតម្លាភាពកម្ពុជា បានបង្ហាញអត្ថបទមួយ ស្តីពីសាវតាខ្មែរ និងវៀតណាម។

លោក ព្រាប កុល បង្ហាញក្នុងហ្វេសប៊ុក នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ ដោយបានរៀបរាប់ថា៖ ១) រូបភាពផែនទីខាងឆ្វេង (ពណ៌ក្រហម) ជាអតីតផែនទីប្រទេសកម្ពុជា ដែលកាលនោះ គេហៅថា “អាណាចក្រខ្មែរ”។

ដូចបងប្អូនបានឃើញផែនទី​ ពណ៌ក្រហម បញ្ជាក់ថា ដែនអាណាចក្រខ្មែរ មានទំហំធំណាស់ គឺលាតសន្ធឹង នៅទូទាំងទ្វីបអាស៊ី (ជាប់ភូមា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី គ្របលើថៃទាំងស្រុង និងជាប់ប្រទេសចិន និងវៀតណាមខាងជើង ដែលកាលនោះគេហៅថា “ដៃវៀត” (ពណ៌ស្វាយនៅក្នុងផែនទី)។

+កាលសម័យនោះ មានប្រទេស ចំប៉ា ឬចាម (ពណ៌ទឹកក្រូចនៅក្នុងផែនទី)។ ពេលនោះ វៀតណាម ជាកូនដែនដីតូចមួយ ដែលជាប់ព្រំដែនចិន ខ្មែរ និង ចំប៉ា/ចាម។

២) រូបភាពផែនទីខាងស្តាំ (ពណ៌ត្រួយចេក) ជាផែនទីប្រទេសវៀតណាម បច្ចុប្បន្ន ដែលបានលេបយក ដែនដីចំប៉ា ហើយទទួលបាន លាភធំពីបារាំង ដែលបានប្រគល់ កម្ពុជាក្រោម ឱ្យទៅរដ្ឋបាលវៀតណាមគ្រប់គ្រង ដែលពេលនោះ ត្រូវគេឱ្យឈ្មោះថា “ដែនដីកូសង់ស៊ីន”។ នៅពេលនោះ វៀតណាម​ បានរៀបចំការបោះឆ្នោតប្រជាមតិ ដើម្បីបង្រួមបង្រួមវៀតណាម (ខាងជើង កណ្តាល និងខាងត្បូង) ជាប្រទេសវៀតណាមតែមួយ ដែលជាគំនិតរបស់ លោក ហូ ជីមិញ។

ពេលបោះឆ្នោតប្រជាមតិ វៀតណាមរៀបចំ បញ្ជូនពលរដ្ឋរបស់ខ្លួន មកក្នុងទឹកដីកូសង់ស៊ីន (កម្ពុជាក្រោម) ជាច្រើនលាននាក់ ដើម្បីបោះឆ្នោត ឱ្យឈ្នះពលរដ្ឋខ្មែរក្រោម ដើម្បីបានច្របាច់បញ្ចូលទឹកដី ទាំងបីចំណែក រួមទាំងកម្ពុជាក្រោម ជាវៀតណាមតែមួយ។

ដូចដែលយើងមើលឃើញ ក្នុងផែនទីនេះស្រាប់ នៅលើលោកនេះ មានតែប្រទេសវៀតណាម មួយប៉ុណ្ណោះ ដែលមានផែនទីរាងទ្រវែង ចម្លែកខុសគេ ហើយជាប់មាត់សមុទ្រ ពីខាងជើងដល់ខាងត្បូង បត់មកខាងលិច។

សូម្បីតែកូនកោះតូចមួយ ដែលនៅជិតបង្កើយ ជាមួយនិងក្រុងកែបរបស់យើង ក៏វៀតណាលេបយកដែរ។ កោះដ៏តូចច្រឡឹងនោះ ឈ្មោះថា “កោះត្រល់”។

៣) វៀតណាម ជាជាតិសាសន៍ ឈ្លាសវៃ និងពោពេញទៅដោយ មហិចតា ចង់បានទឹកដី របស់គេ។ លោក ហូរ ជីម៉ិញ គឺជាវីរ:បុរស និងជាគ្រូធំ របស់វៀតណាម ដែលបានរៀបចំ គូសវាស និងបង្ហាត់បង្រៀន ដល់ពលរដ្ឋរបស់ខ្លួន ឱ្យចេះវិធីពង្រីកទឹកដី និងសេដ្ឋកិច្ចទីផ្សារ ជាពិសេស គឺសាមគ្គីជាតិ ឬជាតិនិយម។ មហិច្ឆតា ហូ ជីមិញ គឺគ្រប់គ្រងឥណ្ឌូចិនទាំងមូល។ ពេលនេះ ប្រទេស ឡាវ ស្ថិតនៅក្រោមឥទ្ធិពល នយោបាយ និងការបញ្ជារ ដោយប្រយ៉ោលពីវៀតណាម រួចទៅហើយ។

៤) ខ្មែរគួរតែរៀន និងស្វែងយល់ ពីជនជាតិវៀតណាម ឱ្យបានច្រើន ហើយបង្កើន ការប្រុងប្រយ័ត្ន។ ការគ្រប់គ្រងច្បាប់ ឱ្យបានតឹងរ៉ឹង ម៉ឺងម៉ាត់ (នីតិរដ្ឋ) ជាមួយជនបរទេស ជាពិសេសជាមួយ ជនអន្តោប្រវេសវៀតណាម គឺជារឿងសំខាន់បំផុត។

ប៉ុន្តែគួរឲ្យស្តាយ ដែលកន្លងមក គោលនយោបាយខ្មែរ មានភាពធូររលុង បូកនឹងការធ្វើច្បាប់ សញ្ជាតិថ្មី និងសន្ធិសញ្ញាបំពេញបន្ថែម ខណៈដែលខ្មែរ កំពុងមានទំនាស់នយោបាយ និងខ្វះឯកភាពជាតិ បានផ្តល់អំណោយផលយ៉ាងច្រើន ដល់ជនជាតិវៀតណាម។ ការវិវត្តន៍ចុងក្រោយនេះ ធ្វើឱ្យកាន់តែមានភាពស្មុគស្មាញ និងកាន់តែមានហានិភ័យខ្ពស់ សម្រាប់កូនចៅខ្មែរ ជំនាន់ក្រោយ៕

To Top