ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ីព្រមានថា កិច្ចព្រមព្រៀងឥណ្ឌូ-ប៉ាស៊ីហ្វិកថ្មី អាចបង្កឲ្យមាន ការប្រកួតប្រជែង អាវុធនុយក្លេអ៊ែ

បរទេស៖ ប្រទេសម៉ាឡេស៊ី នៅថ្ងៃសៅរ៍នេះ បានបង្ហាញនូវក្តីព្រួយបារម្ភថា ផែនការអូស្ត្រាលីកសាងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ ក្រោមកិច្ចព្រមព្រៀងថ្មីជាមួយអង់គ្លេសនិងសហរដ្ឋអាមេរិក អាចនឹងបង្កឲ្យមានការប្រកួតប្រជែងអាវុធនុយក្លេអ៊ែ ក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ 

តាមសេចក្តីរាយការណ៍ ប្រទេសអូស្ត្រាលី នឹងកសាងនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែចំនួន៨គ្រឿង ក្រោមភាពជាដៃគូសន្តិសុខឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលបានធ្វើឲ្យចិនខឹង។ 

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាននិយាយយ៉ាងដូច្នេះថា “វានឹងបង្កឲ្យមហាអំណាចផ្សេងទៀត ធ្វើសកម្មភាពកាន់តែខ្លាំងក្លាឡើង នៅក្នុងតំបន់ ជាពិសេសនៅក្នុងដែនសមុទ្រចិនខាងត្បូង”។

សេចក្តីថ្លែងការណ៍នេះ មិនបានរំឭកដល់ប្រទេសចិននោះទេ ប៉ុន្តែគោលនយោបាយបរទេសរបស់ទីក្រុងប៉េកាំង នៅក្នុងតំបន់ នាពេលថ្មីៗនេះ បានកើនឡើងកាន់តែខ្លាំង ជាពិសេសការអះអាងកម្មសិទ្ធិ ដែនសមុទ្រនៅសមុទ្រចិនខាងត្បូង ហើយចំណុចអះអាងកម្មសិទ្ធិខ្លះ ប៉ះពាល់ដល់ការអះអាងកម្មសិទ្ធិរបស់ម៉ាឡេស៊ី៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top