បរទេស ៖ ក្រុមហ៊ុនឱសថជីវសាស្ត្រ កូរ៉េខាងត្បូង ឈ្មោះ Celltrion នាពេលថ្មីៗនេះ បានព្រមព្រៀងធ្វើការផ្គត់ផ្គង់ ឧបករណ៍តេស្តកូវីដ១៩រហ័ស DiaTrust របស់ក្រុមហ៊ុន ឲ្យដល់យោធាសហរដ្ឋអាមេរិក នេះបើយោង តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI ។
ក្រុមហ៊ុន Celltrion USA បាននិយាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ទីភ្នាក់ងារដឹកជញ្ជូនសម្ភារៈការពារជាតិ ស្ថិតក្រោមក្រសួង ការពារជាតិ សហរដ្ឋអាមេរិក ទើបបានផ្តល់ឲ្យក្រុមហ៊ុន នូវកុងត្រាទិញមួយ ដែលមានទំហំទឹកប្រាក់ ៦២៦លានដុល្លារ ។
ស្ថិតក្រោមកុងត្រានោះ ក្រុមហ៊ុន Celltrion តាមសេចក្តីរាយការណ៍ នឹងផ្តល់ផលិតផល របស់ខ្លួន ទៅកាន់ទីតាំងកំណត់ ប្រហែល២៥.០០០កន្លែង ដើម្បីគាំទ្រដល់មូលដ្ឋានយោធា កន្លែងថែទាំងរយៈពេលវែង និងទីតាំងតេស្តសហគមន៍ ។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ រដ្ឋបាលចំណីអាហារនិងឱសថសហរដ្ឋអាមេរិក បានផ្តល់ការអនុញ្ញាត សម្រាប់ការប្រើប្រាស់បន្ទាន់ ចំពោះឧបករណ៍តេស្ត DiaTrust ដែលអាចតាមដាន ការឆ្លងជម្ងឺកូវីដ១៩ នៅក្នុងរយៈពេលប្រហែល១៥នាទី ៕ ប្រែសម្រួល៖ប៉ាង កុង