សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ថា នៅថ្ងៃអាទិត្យនេះ ប្រទេសកូរ៉េខាងត្បូង បានជំរុញឱ្យកូរ៉េខាងជើង ស្តារឡើងវិញនូវខ្សែទូរស័ព្ទទំនាក់ទំនងដែលបានផ្អាកមួយថ្ងៃ បន្ទាប់ពីកូរ៉េខាងជើង បានស្នើឡើងដដែលៗដើម្បីបើកកិច្ចចរចាតាមលក្ខខណ្ឌ ។
ប្រទេសកូរ៉េខាងជើង អាចនឹងស្វែងរកការដកហូតសម្បទានប្រហែល២សប្តាហ៍ បន្ទាប់ពីខ្លួនបានបង្កើនភាពតានតឹងតាមរយៈការធ្វើតេស្តមីស៊ីលជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេលប្រាំមួយខែមកនេះ ។ កូរ៉េខាងជើង បានទាក់ទងទៅកូរ៉េខាងត្បូង២ដងដោយនិយាយថា ខ្លួនបើកចំហដើម្បីចរចា ប្រសិនបើមានលក្ខខណ្ឌ ។
លោកស្រី គីម យ៉ូជុង ប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានលើកឡើងកាលពីថ្ងៃសៅរ៍ថា ប្រទេសកូរ៉េទាំង២អាចបោះជំហានឆ្ពោះទៅរកការផ្សះផ្សាជាតិ ប្រសិនបើកូរ៉េខាងត្បូង បោះបង់ចោល “គោលនយោបាយអរិភាព” និង“ ស្តង់ដារដោះស្រាយទ្វេរដង”នោះ ។
ចំពោះការលើកឡើងនេះដែរ លោកស្រីមិនបានបញ្ជាក់លម្អិតអំពីជំហានជាក់លាក់ណាមួយដែលលោកស្រីចង់ឱ្យកូរ៉េខាងត្បូងអនុវត្តនោះទេ ។ ប៉ុន្តែអ្នកជំនាញខ្លះបាននិយាយថា កូរ៉េខាងជើង ចង់ឲ្យកូរ៉េខាងត្បូង ដើរតួក្នុងការឈ្នះការបន្ធូរបន្ថយទណ្ឌកម្មដែលដឹកនាំដោយសហរដ្ឋអាមេរិក ការទទួលជំនួយ ឬការទទួលបានសម្បទានផ្សេងទៀត ដូចជាការទទួលស្គាល់ជាអន្តរជាតិថា ជារដ្ឋអាវុធនុយក្លេអ៊ែរ ។
នៅថ្ងៃអាទិត្យនេះក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានឲ្យដឹងថា ខ្លួនវាយតម្លៃខ្ពស់ចំពោះសេចក្តីថ្លែងការណ៍របស់ លោកស្រី គីម យ៉ូជុង ខណៈដែលកូរ៉េខាងត្បូង បាននឹងកំពុងជំរុញឥតឈប់ឈរដើម្បីសម្រេចបាននូវការលុបចោលកម្មវិធីអាវុធនុយក្លេអ៊ែរ និងសន្តិភាពនៅឧបទ្វីបកូរ៉េ តាមរយៈការសន្ទនាគ្នា ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា