សិង្ហបុរី៖ សិង្ហបុរីបានរាយការណ៍ពីករណីថ្មីចំនួន ២,២៣៦ នៃករណីជំងឺកូវីដ-១៩ ដែលធ្វើឱ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសនេះកើនឡើងដល់ ៩១,៧៧៥ ករណី។
នេះជាលើកទីមួយហើយ ដែលប្រទេសសិង្ហបុរីមើលឃើញចំនួនករណីឆ្លងជំងឺកូវីដ-១៩ ថ្មីលើសពី ២,០០០ ករណីក្នុងរយៈពេលមួយថ្ងៃ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានថា ក្នុងចំណោមករណីថ្មីចំនួន ១៧១១ករណី ស្ថិតនៅក្នុងសហគមន៍ ៥១៥ ករណីស្ថិតនៅក្នុងអន្តេវាសិកដ្ឋានចំណាកស្រុកនិង ១០ ករណីទៀតត្រូវបាននាំចូល។
ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីសរុបចំនួន ១,៣២៥ នៃករណីជំងឺកូវីដ-១៩ បច្ចុប្បន្នត្រូវបានគេដាក់នៅមន្ទីរពេទ្យ ដោយមានករណីធ្ងន់ធ្ងរចំនួន ២០៩ ករណី ដែលត្រូវការការបន្ថែមអុកស៊ីសែននិង ៣០ករណី ទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅក្នុងអង្គភាពថែទាំបន្ទាន់ ICU។
គួរបញ្ជាក់ថា ៨២ ភាគរយនៃប្រជាជនក្នុងតំបន់ត្រូវបានចាក់វ៉ាក់សាំងពេញលេញហើយ ៨៥ ភាគរយបានទទួលយ៉ាងហោចណាស់មួយដូស នេះបើយោងតាមក្រសួងសុខាភិបាលសិង្ហបុរី៕
ដោយ ឈូក បូរ៉ា