BUCHAREST៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ថា អ្នកជំងឺកូវីដ-១៩ចំនួន៩ នាក់ត្រូវបានគេបញ្ជាក់ថា បានស្លាប់នៅក្នុងអគ្គិភ័យ ដែលបានឆាបឆេះកាលពីព្រឹកថ្ងៃសុក្រនេះ នៅឯបន្ទប់ថែទាំបន្ទាន់មួយ នៅក្នុងទីក្រុង Constanta នៃសមុទ្រខ្មៅរបស់ប្រទេសរ៉ូម៉ានី ។
អ្នកជំងឺទាំងអស់ត្រូវបានគេជម្លៀសចេញ ហើយអង្គភាពអនាម័យ ដែលនៅក្បែរនោះត្រូវបានជូនដំណឹង ជាមុនដើម្បីទទួលអ្នកជំងឺ។
ក្រសួងសុខាភិបាល បានឲ្យដឹងនៅក្នុងសេចក្តីប្រកាស ព័ត៌មានមួយថា “នៅព្រឹកថ្ងៃនេះ មានមនុស្សចំនួន១១៣នាក់ ដែលក្នុងនោះ១០នាក់ស្ថិតនៅក្នុងបន្ទប់ ICU” ។
នៅពេលលើកឡើងអំពីមូលហេតុ ដែលអាចបណ្តាលឲ្យមានអគ្គិភ័យនេះដែរ លោក Attila Cseke រដ្ឋមន្រ្តីក្រសួងសុខាភិបាល ស្តីទី បានថ្លែងថា “មូលហេតុអាចមានច្រើន ។ វាអាចទាក់ទងទៅនឹងហេដ្ឋារចនាសម្ព័ន្ធការ ផ្ទុកឧបករណ៍លើសទម្ងន់ ក៏អាចទាក់ទងនឹងកត្តា មនុស្សផងដែរ” ។
គួរបញ្ជាក់ថា នេះគឺជាអគ្គីភ័យ នៅមន្ទីរពេទ្យទី៣ នៅក្នុងប្រទេសរ៉ូម៉ានី ចាប់តាំងពីខែវិច្ឆិកាឆ្នាំ ២០២០ មកដល់ពេលនេះ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា