ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង សម្រេចស្ដារឡើងវិញនូវបណ្ដាញទមនាក់ទំនង ជាមួយកូរ៉េខាងត្បូង

សេអ៊ូល៖ យោងតាមទីភ្នាក់ងារព័ត៌មានកណ្តាលផ្លូវការរបស់កូរ៉េខាងជើង បានឲ្យដឹងថា កូរ៉េខាងជើង បានសម្រេចចិត្តស្តារឡើងវិញនូវបណ្តាញទំនាក់ទំនងអន្ដរកូរ៉េទាំងអស់ ដែលចាប់ផ្តើមពីម៉ោង ៩ ព្រឹកនៅថ្ងៃច័ន្ទនេះ។

របាយការណ៍នេះបានឲ្យដឹងថា ការសម្រេចចិត្តនេះត្រូវបានប្រកាស ដើម្បីធ្វើតាមការសន្យារបស់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងសុន្ទរកថាមួយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ដែលលោកបានបង្ហាញពីចេតនាស្តារឡើងវិញនូវបណ្តាញទំនាក់ទំនងអន្ដរកូរ៉េ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវការរំពឹងទុកនិងបំណងប្រាថ្នារបស់ប្រជាជាតិទាំងមូល ដែលចង់ឱ្យទំនាក់ទំនងកូរ៉េខាងជើង-ខាងត្បូងត្រូវបានស្តារឡើងវិញ។

នៅក្នុងរបាយការណ៍បានឲ្យដឹងថា “ អាជ្ញាធរកូរ៉េខាងត្បូង គួរតែខិតខំប្រឹងប្រែងជាវិជ្ជមាន ដើម្បីដាក់ទំនាក់ទំនងអន្ដរកូរ៉េនៅលើផ្លូវត្រូវ និងដោះស្រាយកិច្ចការសំខាន់ៗ ដែលត្រូវផ្តល់អាទិភាព ដើម្បីបើកការរំពឹងទុកដ៏ត្រចះត្រចង់នាពេលអនាគតដោយគិតគូរពីអត្ថន័យនៃការស្តារទំនាក់ទំនងឡើងវិញ។

ទំនាក់ទំនងអន្តរកូរ៉េនៅតែមានភាពត្រជាក់ ឬអាចនិយាយបានថា ជាប់គាំង ចាប់តាំងពីកិច្ចប្រជុំកំពូលរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកមិនបានឈានដល់កិច្ចព្រមព្រៀងនៅដើមឆ្នាំ ២០១៩។ ខ្សែទូរស័ព្ទអន្តរកូរ៉េ បានដំណើរការឡើងវិញមួយរយៈពេលខ្លី នៅចុងខែកក្កដា ប៉ុន្តែកូរ៉េខាងជើង បានចាប់ផ្តើមបដិសេធការហៅទូរស័ព្ទធម្មតារបស់ទីក្រុងសេអ៊ូល ម្តងទៀតពីរសប្តាហ៍ក្រោយមក ដើម្បីប្រឆាំងនឹងសមយុទ្ធយោធារួមគ្នារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕

ដោយ ឈូក បូរ៉ា

To Top