ព័ត៌មានអន្តរជាតិ

លោកស៊ី ជីនពីង ជឿជាក់ថា អាច បង្រួបបង្រួម តៃវ៉ាន់ ជាមួយចិនដីគោក

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានសង្កត់ធ្ងន់នៅថ្ងៃសៅរ៍នេះថា រដ្ឋាភិបាលដឹកនាំដោយបក្សកុម្មុយនិស្ត អាចបង្រួបបង្រួមកោះតៃវ៉ាន់បានទាំងស្រុង នៅពេលដែលការដឹកនាំរបស់លោក បង្កើនសម្ពាធយោធាលើកោះប្រជាធិបតេយ្យ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ។

លោកស៊ីក៏បានឲ្យដឹងផងដែរនៅក្នុងសុន្ទរកថាមួយ ដើម្បីរំលឹកខួបលើកទី ១១០ នៃថ្ងៃអាទិត្យនៃបដិវត្តន៍ឆ្នាំ១៩១១ ដែលបានបញ្ចប់ការគ្រប់គ្រង ២០០០ ឆ្នាំនៅប្រទេសចិន ការបង្រួបបង្រួមជាតិនេះ ដោយមធ្យោបាយសន្តិភាព បានបម្រើផលប្រយោជន៍របស់ទីក្រុងប៉េកាំង។

សុន្ទរកថារបស់លោក បានធ្វើឡើងបន្ទាប់ពីប្រទេសប្រជាធិបតេយ្យចំនួន ៦ រួមមានអង់គ្លេស កាណាដា ជប៉ុន ហូឡង់ នូវែលសេឡង់ និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធារួមគ្នានៅជិតកោះតៃវ៉ាន់ កាលពីដើមខែនេះ ដែលមានការចូលរួមដោយនាវាផ្ទុកយន្តហោះ ៣ គ្រឿង។

លោកស៊ី បានបង្ហាញថា ប្រទេសចិន មានបំណងចង់បង្រួបបង្រួមកោះតៃវ៉ាន់ឡើងវិញ ជាមួយចិនដីគោក ទោះបីជាប្រទេសនេះ មិនមានចេតនាប្រើប្រាស់កម្លាំងយោធា ដើម្បីសម្រេចបាននូវគោលដៅ ដែលបក្សកុម្មុយនិស្តចង់បានក៏ដោយ។

លោកស៊ី បានលើកឡើងថា ការសម្រេចបាននូវការបង្រួបបង្រួមជាតិ គឺជាបេសកកម្មសម្រាប់ប្រជាជនចិន ដោយបន្ថែមថា បញ្ហាដែលទាក់ទងនឹងកោះតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងសុទ្ធសាធ ហើយកងកម្លាំងបរទេសណាមួយ មិនត្រូវបានអនុញ្ញាតឱ្យជ្រៀតជ្រែកឡើយ។

ខណៈពេលដែលលោកស៊ី បានសន្យាថា នឹងជំរុញដំណើរការនៃការបង្រួបបង្រួមដោយសន្តិវិធីរវាងចិនដីគោក និងកោះនេះ ភាពតានតឹងផ្នែកយោធានៅជុំវិញច្រកសមុទ្រតៃវ៉ាន់ បានកើនឡើងនាពេលថ្មីៗនេះ ដែលបានក្លាយជាប្រភពមួយនៃទំនាស់រវាងចិន-អាមេរិក។

ចាប់តាំងពីដើមខែតុលាមក យន្តហោះយោធាចិនមួយចំនួនធំ បានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះតៃវ៉ាន់ដែលបង្កឱ្យមានការព្រួយបារម្ភថា លោក ស៊ី ជីនពីង កំពុងព្យាយាមបង្រួបបង្រួមកោះជាមួយដីគោកដោយកម្លាំងយោធា។

លោកស៊ី បានណែនាំកងទ័ពរបស់ខ្លួន ឱ្យបង្កើនសម្ពាធយោធា នៅក្នុងតំបន់ភាគនិរតី នៃកោះតៃវ៉ាន់ នេះបើតាមប្រភព ដែលបានដឹងនៅដើមសប្តាហ៍នេះ៕

ដោយ ឈូក បូរ៉ា

To Top