ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើធនាគារអភិវឌ្ឍន៍ (ADB) ជួយដោះស្រាយបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងរបាំងបច្ចេកទេសសម្រាប់ការនាំចេញ ជាពិសេស បោះទុនវិនិយោគបន្ថែមលើការវេចខ្ចប់ កែច្នៃ និងឃ្លាំងស្តុក។
ក្នុងជំនួបពិភាក្សាការងារជាមួយ លោកស្រី Sunniya Durrani-Jamal នាយកធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំកម្ពុជាដែលបញ្ចប់អាណត្តិនៅកម្ពុជា នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ តាមប្រព័ន្ធវិដេអូ លោក វេង សាខុន បានថ្លែងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកសិកម្មនៅតែចូលរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ច ។ ជាក់ស្តែងក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដនេះ ផលិតកម្មកសិកម្ម ក៏ដូចជា ការនាំចេញផលិតផលកសិកម្មនៅតែរក្សាបានកំណើន និងបានចូលរួមសម្រាលនូវការរងផលប៉ះពាល់ពីសម្ពាធនៃជំងឺកូវីដ។
លោកបញ្ជាក់ថា «ក្រសួងកសិកម្មកំពុង គិតគូរពីការជំរុញ ការនាំចេញផលិតផល កសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីពង្រីកកំណើនសេដ្ឋកិច្ចពីវិស័យកសិកម្ម ។ សូមស្នើដល់ធនាគារអភិវឌ្ឍអាស៊ី បន្តផ្តល់ការគាំទ្រ នូវគម្រោងអភិវឌ្ឍ ក្នុងវិស័យកសិកម្មបន្ថែមទៀត ជាពិសេសលើការដោះស្រាយបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងរបាំងបច្ចេកទេសសម្រាប់ការនាំចេញ ការគាំទ្រផ្នែកឥណទាន ដល់វិស័យឯកជនក្នុងការបោះទុនវិនិយោគបន្ថែមលើការវេចខ្ចប់ កែច្នៃ និងឃ្លាំងស្តុក និងផ្តល់ការគាំទ្រផ្នែកបច្ចេកទេសដល់មន្រ្តីលើការស្រាវជ្រាវ និងអភិវឌ្ឍ ផ្នែកការពារដំណាំ និងគុណភាពផលិតផលកសិកម្ម»។
ជាការឆ្លើយតប លោកស្រី Sunniya Durrani-Jamal បានលើកឡើងថា វិស័យកសិកម្មនៅកម្ពុជាមានសក្តានុពលជាច្រើន ដែលដៃគូអភិវឌ្ឍអាចបន្តផ្តល់ការគាំទ្របន្ថែម ជាពិសេស ការពង្រឹងខ្សែច្រវាក់តម្លៃកសិកម្ម ការកែច្នៃផលិតផលកសិកម្ម ដើម្បីបង្កើនតម្លៃបន្ថែម ដែលអាចជួយបង្កើនចំណូលបន្ថែមដល់កសិករ និងកំណើនសេដ្ឋកិច្ច ផងដែរ៕