ម៉ានីល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ថា អាជ្ញាធរបានឲ្យដឹងនៅថ្ងៃអង្គារទី ១២ ខែតុលានេះថា យ៉ាងហោចណាស់ មនុស្ស១១នាក់បានស្លាប់ និង៧នាក់ផ្សេងទៀត កំពុងបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ យ៉ាងខ្លាំង នៅទូទាំងប្រទេសហ្វីលីពីន ដែលបានជន់លិចភូមិ និងបង្កឲ្យមានគ្រោះបាក់ដី ។
ព្យុះត្រូពិចដ៏ធ្ងន់ធ្ងរ Kompasu ដែលមានខ្យល់បក់ ខ្លាំងបំផុត១០០គីឡូម៉ែត្រក្នុង១ម៉ោងបានជន់លិច កោះ Luzon ដែលមានប្រជាជនច្រើនបំផុត កាលពីថ្ងៃចន្ទ ខណៈព្យុះនេះបានបោកបក់ កាត់ប្រទេសប្រជុំកោះ ឆ្ពោះទៅសមុទ្រចិនខាងត្បូង ។
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បានឲ្យដឹងថា មនុស្ស៦នាក់បានស្លាប់ និង២នាក់ទៀតបាត់ខ្លួន ដោយសារគ្រោះបាក់ដីនៅខេត្ត Benguet ជាប់នឹងភ្នំ ហើយមនុស្សម្នាក់ បានលង់ទឹកស្លាប់ នៅខេត្ត Cagayan ។
មន្ត្រីបានឲ្យដឹងថា មនុស្ស៤នាក់បានស្លាប់ ដោយសារទឹកជំនន់ភ្លាមៗ ដែលបានវាយប្រហារ ទីក្រុងពីរនៅលើកោះ Palawan ភាគខាងលិចដែលមនុស្ស៥នាក់ ផ្សេងទៀតកំពុងបាត់ខ្លួន ។
អ្នកនាំពាក្យលោក Harry Roque បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ប្រធានាធិបតី Rodrigo Duterte កំពុងតាមដានការឆ្លើយតបគ្រោះមហន្តរាយរបស់រដ្ឋាភិបាល ៕
ដោយ៖ ម៉ៅ បុប្ផាមករា