បរទេស៖ ប្រទេសចិន កាលពីខែសីហា បានធ្វើតេស្តសាកល្បងមីស៊ីលមានល្បឿនលឿន ជាងសម្លេងសមត្ថភាពនុយក្លេអ៊ែ បង្ហាញពីសមត្ថភាពមួយធ្វើឲ្យទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់ អាមេរិកមានភាពភ្ញាក់ផ្អើល នេះបើតាមកាសែត Financial Times ដែលដកស្រង់ពីប្រភពចំនួន៥។
យោងតាមសេចក្តីរាយការណ៍ យោធាចិនបានបាញ់ សាកល្បងរ៉ុកកែតបំពាក់ម៉ាស៊ីន មានល្បឿនលឿនជាងសម្លេង ហោះកាត់លំហគន្លងទាប ដោយធ្វើដំណើរជុំវិញផែនដី មុនពេលវាយប្រហារឆ្ពោះទៅគោលដៅ។
ការធ្វើតេស្តនេះ បានបង្ហាញថា ប្រទេសចិនបានបង្កើត ភាពរីកចម្រើនដ៏គួរឲ្យភ្ញាក់ផ្អើល លើអាវុធមានល្បឿនលឿន ជាងសម្លេង និងមានភាពទំនើបខ្លាំងជាងឆ្ងាយ ពីអ្វីដែលមន្ត្រីអាមេរិកបានដឹង ប៉ុន្តែក្រសួងការពារជាតិចិន នៅមិនបានឆ្លើយតបភ្លាមៗ នឹងសំណើរសុំការអត្ថាធិប្បាយនៅថ្ងៃអាទិត្យនេះទេ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី ក៏កំពុងតែអភិវឌ្ឍផលិតមីស៊ីលលឿន ជាងសម្លេងផងដែរ ហើយកាលពីខែមុនប្រទេសកូរ៉េខាងជើងនិយាយថា ខ្លួនបានបាញ់តេស្ត សាកល្បងមីស៊ីលមានល្បឿនលឿនជាងសម្លេង ទើបអភិវឌ្ឍផលិតថ្មី៕