ភ្នំពេញ៖ លោក Pablo Kang ឯកអគ្គរាជទូត អូស្ត្រាលីប្រចាំកម្ពុជា បានអះអាងថា ដំណើរទស្សនកិច្ចនាវាចម្បាំង របស់កងទ័ពជើងទឹកអូស្ត្រាលី HMAS Anac កើតឡើងក្នុងសប្តាហ៍នៃខួបអនុស្សាវរីយ៍ លើកទី៣០ នៃការចុះហត្ថលេខា លើកិច្ចព្រមព្រៀង សន្តិភាពក្រុងប៉ារីស ដែលបានត្រួសត្រាយផ្លូវ បញ្ចប់ជម្លោះជាច្រើនទសវត្សរ៍ នៅក្នុងប្រទេសកម្ពុជា។
ជាការកត់សម្គាល់ ខួប៣០ឆ្នាំ នៃកិច្ចព្រមព្រៀង សន្តិភាពក្រុងប៉ារីស ដែលនឹងឈានចូលមកដល់នាពេលខាងមុខ បានក្លាយជាប្រធានបទមួយក្ដៅ ក្នុងការយកមកវែកញែកសារជាថ្មី ពីសំណាក់អ្នកវិភាគ និងអ្នកនយោបាយ គ្រប់ជាន់ថ្នាក់ រួមទាំងបរទេសមួយចំនួនផងដែរ។
ក្នុងពិធីប្រគល់ នូវសម្ភារៈវេជ្ជៈសាស្ត្រប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ពីនាវាចម្បាំង របស់កងទ័ពជើងទឹកអូស្ត្រាលី HMAS Anac ជូនរដ្ឋបាលខេត្តព្រះសីហនុ មូលដ្ឋានសមុទ្ររាម យោធភូមិភាគទី៤ និងយោធភូមិភាគទី៥ លោក Pablo Kang បានថ្លែងអំណគុណដល់កម្ពុជា ដែលបានធ្វើឱ្យសកម្មភាព Indo-Pacific Endeavour ទទួលបានជោគជ័យ និងការគាំទ្រ កិច្ចសហប្រតិបត្តិការទៅវិញទៅមក ក្នុងការដោះស្រាយជំងឺកូវីដ-១៩។
លោកបន្តថា ដំណើរទស្សនកិច្ចនេះ ពង្រឹងដល់ការប្ដេជ្ញាចិត្ត របស់ប្រទេសអូស្ត្រាលី ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍ នាពេលអនាគត របស់ប្រទេសកម្ពុជា រួមមានការស្ដារសេដ្ឋកិច្ច និងសុខាភិបាលឡើងវិញ ពីជំងឺកូវីដ-១៩ និងកិច្ចសហប្រតិបត្តិការ យោធាទ្វេភាគី។
លោកទូតបញ្ជាក់ថា «ទស្សនកិច្ចនេះកើតឡើងក្នុងសប្តាហ៍ នៃខួបអនុស្សាវរីយ៍លើកទី៣០ នៃការចុះហត្ថលេខា លើកិច្ចព្រមព្រៀង សន្តិភាពក្រុងប៉ារីស ដែលបានត្រួសត្រាយផ្លូវ បញ្ចប់ជម្លោះជាច្រើនទសវត្ស នៅក្នុងប្រទេសកម្ពុជា។ កិច្ចព្រមព្រៀងនេះនាំ មកអាជ្ញាធរបណ្ដោះអាសន្ន អង្គការសហប្រជាជាតិ ក្នុងប្រទេសកម្ពុជា ដែលមានកងទ័ពអូស្ត្រាលីជាវីរបុរស និងស្ត្រីជាច្រើនរូបបានចូលរួម បំពេញការងារប្រកបដោយកិត្តិយស» ។
លោក Pablo Kang បានឱ្យដឹងផងដែរថា ក្នុងអំឡុងទស្សនកិច្ចរបស់នាវាកងទ័ព ជើងទឹកអូស្រ្តាលី នាវិកក៏រៀបចំធ្វើសិក្ខាសាលា តាមប្រព័ន្ធអនឡាញមួយ ស្ដីពីស្ត្រីសន្តិភាព និងសន្តិសុខ ជាមួយអ្នក តំណាងខាង កងយុទ្ធពលខេមរៈភូមិន្ទផងដែរ ដែលជាមូលដ្ឋាន សម្រាប់ការគាំទ្រ គោលនយោបាយ និងហិរញ្ញវត្ថុរបស់អូស្ត្រាលី ចំពោះដំណើរការជោគជ័យ ក្នុងវេទិកាស្តីពីស្ត្រី សន្តិភាព និងសន្តិសុខនៃកិច្ចប្រជុំ អាស៊ី-អឺរ៉ុប ដែលក្រសួងកិច្ចការនារី របស់ប្រទេសកម្ពុជា បានរៀបចំធ្វើកាល ពីសប្តាហ៍មុន ៕