ភ្នំពេញ ៖ អង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ (AHF) នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ បានបន្តអំពាវនាវ ដល់បណ្តាប្រទេសមានសេដ្ឋកិច្ច ជឿនលឿន G20 បន្តផ្តល់ជាជំនួយវ៉ាក់សាំងប្រឆាំង ជំងឺកូវីដ-១៩ ជួយដល់បណ្តាប្រទេសក្រីក្រី ខណៈប្រទេសជាច្រើន នៅលើសកលលោក បានមិនទាន់បានចាក់វ៉ាក់សាំង បានច្រើននៅឡើយ។
ការអំពាវនាវនេះ បានធ្វើឡើង តាមរយៈយុទ្ធនាការទាមទារ ឲ្យមានការចាក់វ៉ាក់សាំង ទូទាំងពិភពលោក Vaccinate Our World ហៅកាត់ថា VOW នៅកម្ពុជាដើម្បីជាការត្រៀម ក្នុងការក្នុងការតស៊ូមតិចុងក្រោយមួយ នៅមុនកិច្ចប្រជុំកំពូល G20 នៅចុងខែតុលានេះ ដែលនឹងប្រព្រឹត្តទៅនៅឯទីក្រុងរ៉ូម ប្រទេសអ៊ីតាលី និងជាការបន្តកិច្ចខិតខំប្រឹងប្រែង ជំរុញឲ្យមេដឹកនាំ នៃបណ្ដាប្រទេសអ្នកមាន នៅលើពិភពលោក ធានាបាននូវសិទ្ធិទទួលបាន វ៉ាក់សាំងបង្ការ COVID-19 ជាសកលតាមរយៈការផ្ញើលិខិត ទៅកាន់បណ្ដាស្ថានទូត នៃប្រទេស G20 ផងដែរ។
សកម្មភាពតស៊ូមតិរបស់អង្គការ AHF ប្រចាំកម្ពុជា គ្រាន់តែជាព្រឹត្តិការណ៍ មួយផ្នែកតូចរបស់ VOW ដែលផ្តោតសំខាន់លើប្រទេសជាច្រើន ក្នុងរយៈពេលប៉ុន្មានខែចុង ក្រោយនេះ នៅមុនកិច្ចប្រជុំកំពូល G20។ AHF ក៏បានប្តេជ្ញាធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលជាមធ្យោបាយចម្បង ក្នុងការដោះស្រាយជំងឺរាតត្បាត និងការធ្វើសេចក្តីព្រាង អនុសញ្ញាសុខភាព សាធារណៈសកលថ្មីមួយ សំដៅបម្រើប្រព័ន្ធអភិបាលកិច្ចសុខភាព ទូទាំងពិភពលោក ឲ្យមានសមត្ថភាព ឆ្លើយតបយ៉ាងឆាប់រហ័ស ចំពោះការផ្ទុះឡើង នាពេលអនាគត។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ី នៃអង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ (AHF) បានឲ្យដឹងដែរថា «មេដឹកនាំមកពីប្រទេស G20 ត្រូវតែប្តេជ្ញាចិត្ត ចំពោះសកម្មភាពពិតប្រាកដ នៅក្នុងកិច្ចប្រជុំកំពូល នាពេលខាងមុខនេះ ដើម្បីធានាថាគ្រប់ប្រទេសមិនថា ទីតាំងភូមិសាស្ត្រ ឬស្ថានភាពសេដ្ឋកិច្ច យ៉ាងណានោះទេ គឺត្រូវតែមានវ៉ាក់សាំង ដើម្បីការពារប្រជាពលរដ្ឋ និងបញ្ចប់ការរីករាលដាល នៃជំងឺរាតត្បាតនេះទេ»។
លោកបានបន្តថា ត្រូវចាប់ផ្តើមដោយធានាថា ក្រុមហ៊ុនផលិតវ៉ាក់សាំង ចែករំលែកចំណេះដឹង និងបច្ចេកវិទ្យាឧបត្ថម្ភ ដល់អ្នកជាប់ពន្ធ ដើម្បីជំរុញផលិតកម្មវ៉ាក់សាំង ឱ្យបានទូទាំងពិភពលោក។ ស្វែងយល់បន្ថែមពី VaccinateOurWorld.org ដោយចូល VaccinateOurWorld.org, ដើម្បីរួមគ្នាទាមទារ ឱ្យមានការចាក់វ៉ាក់សាំង នៅទូទាំងពិភពលោក។
ដោយឡែក លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានកម្មវិធីរបស់អង្គការ មូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍នៅកម្ពុជា បានឱ្យដឹងថា គិតត្រឹមពាក់កណ្ដាលខែតុលានេះ មានជិតពាក់កណ្ដាល នៃប្រជាជនពិភពលោក បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19ហើយភាគច្រើន បានប្រើប្រាស់ ឬចាក់នៅក្នុងបណ្ដាប្រទេស អ្នកមាន។ ជំងឺ COVID-19នៅតែបន្តបង្កការបំផ្លិចបំផ្លាញ នៅទូទាំងតំបន់អាស៊ី, អាហ្វ្រិក, អាមេរិកឡាទីន និងនៅជុំវិញពិភពលោក ហើយនេះក៏ដោយសារតែកង្វះខាត វិធានការ នោះគឺការខ្វះខាតវ៉ាក់សាំង សង្រ្គោះជីវិតមនុស្ស។
លោកស្រីវេជ្ជបណ្ឌិត បានបន្ថែមថា ខណៈកម្ពុជាសម្រេចបាន នូវអាត្រាចាក់វ៉ាក់សាំងដ៏ខ្ពស់ បណ្ដាប្រទេសដទៃ នៅតែបន្តរងការឈឺចាប់ដោយសារ COVID-19នៅឡើយ។ ជាក់ស្ដែងមានតែ ៧ភាគរយនៃប្រជាជនអាហ្វ្រិក ដែលបានទទួលការចាក់វ៉ាក់សាំង COVID-19ហើយបណ្ដាប្រទេស មានប្រាក់ចំណូលទាប មានតែប្រជាជន ២.៥ ភាគរយប៉ុណ្ណោះ ដែលទទួលបានការចាក់វ៉ាក់សាំងដូសទី១។ ដូច្នេះហើយយុទ្ធនាការ VOW ជម្រុញបណ្ដាប្រទេសG20 ធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធានាបាននូវការចាក់វ៉ាក់សាំង ឱ្យពិភពលោកទាំងមូល។
សូមបញ្ជាក់ថា អង្គការនិធិថែទាំសុខភាពអេដស៍ (AHF) ដែលជាអង្គការអេដស៍ពិភពលោកធំជាងគេ នាពេលបច្ចុប្បន្នផ្តល់ការព្យាបាល និងផ្តល់សេវាកម្មវេជ្ជសាស្រ្ត ដល់អតិថិជនជាង ១,៦ លាននាក់ នៅក្នុងប្រទេសចំនួន ៤៥ នៅទូទាំងពិភពលោក នៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន/ការ៉ាអ៊ីប តំបន់អាស៊ីប៉ាស៊ីហ្វិកនិងអឺរ៉ុប៕