ភ្នំពេញ ៖ កម្ពុជាបានសម្រេចបើកឲ្យមានការ ផ្ដល់ទិដ្ឋាការទេសចរណ៍ឡើងវិញ ដើម្បីអាចទទួលភ្ញៀវបរទេស និងភ្ញៀវទេសចរណ៍ទូទៅ ចូលមកលេងកម្សាន្ត នៅកម្ពុជា ព្រមទាំងដាក់ឲ្យដំណើរការ ឡើងវិញនូវគោលការណ៍លើកលែងទិដ្ឋាការ (Visa Exemption)ដែរ ។
តាមរយៈលិខិត ផ្ញើទៅឯកអគ្គរាជទូត អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស នៃកម្ពុជាប្រចាំនៅបរទស កាលពីថ្ងៃទី២០ តុលា ស្ដីពីការកែសម្រួលគោលការណ៍ នៃការផ្តល់ទិដ្ឋាការ លក្ខខណ្ឌធ្វើដំណើរ និងការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរចូលមកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសខ្មែរបានមានប្រសាសន៍ថា «យោងតាមចំណារយល់ព្រម ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ក្រសួងសម្រេចបើកឲ្យមានការផ្ដល់ឡើងវិញនូវ ទិដ្ឋាការទេសចរណ៍ ដែលត្រូវបានផ្អាក ក្រោយវិបត្តិនៃជំងឺ កូវីដ-១៩ ដើម្បីអាចទទួលភ្ញៀវបរទេស និងភ្ញៀវទេសចរណ៍ទូទៅ និងដាក់ឱ្យដំណើរការ ឡើងវិញនូវគោលការណ៍ លើកលែងទិដ្ឋាការ (Visa Exemption)» ។
ប្រមុខការទូតកម្ពុជា គូសបញ្ជាក់ទៀតថា យោងលើការវិវឌ្ឍកាន់តែប្រសើរ ឡើងនៃស្ថានភាពទប់ទល់ នឹងជំងឺកូវីដ-១៩ នៅកម្ពុជា រាជរដ្ឋាភិបាលបានសម្រេច បើកប្រទេសកម្ពុជាឡើងវិញជាបណ្តើរៗ និងតាមដំណាក់កាលជាមួយនឹងភាពប្រយ័ត្នប្រយែង និងការទទួលខុសត្រូវខ្ពស់ តាមគន្លងប្រក្រតីភាពថ្មី ដោយបានសម្រួលលក្ខខណ្ឌគោលការណ៍ នៃការផ្តល់ទិដ្ឋាការ និងរបបនៃការធ្វើចត្តាឡីស័ក សម្រាប់អ្នកដំណើរមកកម្ពុជា ។
លោកឧបនាយករដ្ឋមន្ត្រីបន្តថា ក្នុងនោះក៏បានដាក់ដំណើរការឡើងវិញ នូវការស្នើសុំទិដ្ឋាការ តាមប្រព័ន្ធអេឡិចត្រូនិច (e-Visa) ដើម្បីសម្រួល ដល់អ្នកដំណើរក្នុងការស្នើសុំ ទិដ្ឋាការចូលមកកម្ពុជា ប៉ុន្តែនៅបន្តផ្អាកការផ្ដល់ទិដ្ឋាការនៅ ពេលមកដល់ (Visa on Arrival)។
លោកបន្ថែមថា ទន្ទឹមគ្នានោះ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ក៏បានកែសម្រួលលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កនៅកម្ពុជា សម្រាប់អ្នកដំណើរចូល មកកម្ពុជា ស្របតាមគន្លងប្រក្រតីភាពថ្មី តាមរយៈសេចក្តីជូនដំណឹងលេខ ៤៥៣ សខល ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ដូចមានជូនភ្ជាប់ជាភាសាខ្មែរ និងអង់គ្លេស(បកបក ផ្លូវការ)ផងដែរ ៕