ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អំពីគោលនយោបាយ នៃការអនុវត្តរបបសន្តិសុខសង្គម ជូនដល់មន្ទីរ អង្គភាព ម្ចាស់សហគ្រាស គ្រឹះស្ថានព្រមទាំងស្ថាប័ន ពាក់ព័ន្ធនានា ក្រោមអធិបតីភាព លោក មុត ភិសិទ្ធនា អភិបាលរង តំណាងលោក អភិបាលខេត្តព្រះវិហារ លោកម៉េង ហុង នាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជានាយក ប.ស.ស.។
លោក នាយករង មានប្រសាសន៍ថា៖ បច្ចុប្បន្ន ប.ស.ស. បាននឹងកំពុងដំណើរការ របបសន្តិសុខសង្គម ចំនួនពីរ គឺផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ដូច្នេះបងប្អូនកម្មករ និយោជិតទាំងអស់ ជាសមាជិក ប.ស.ស. អាចទៅទទួលសេវាពិនិត្យ និងព្យាបាលជំងឺនៅគ្រប់មន្ទីរពេទ្យ ទាំងអស់ (មន្ទីរពេទ្យរដ្ឋ និងមន្ទីរពេទ្យឯកជន) ដែលជាដៃគូជាមួយ ប.ស.ស. ដោយឥតគិតថ្លៃ។
នៅពេលឆាប់ៗខាងមុខ ប.ស.ស. នឹងគ្រោងដាក់ ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន ដើម្បីឱ្យបងប្អូនកម្មករ និយោជិតទាំងអស់ ទទួលបានប្រាក់ ចូលនិវត្តន៍ ដូចទៅនឹងមន្រ្តីរាជការដែរ។
លោក នាយករង បានបន្តថា គិតត្រឹមឆមាសទី១ ក្នុងឆ្នាំ២០១៩ នេះ ប.ស.ស. បានពង្រីកវិសាលភាព របស់ខ្លួនគ្របដណ្តប់ ទូទាំងប្រទេស ក្នុងការពន្លឿន ផ្តល់សេវា ជូនបងប្អូនកម្មករ និយោជិត ជាសមាជិករបស់ខ្លួន ឱ្យទាន់ពេលវេលា។
លោក នាយករង បានបន្តទៀតថា ប.ស.ស. បានផ្តល់តាវកាលិក ផ្នែកហានិភ័យការងារ ដល់ជនរងគ្រោះ ជាកម្មករនិយោជិតចំនួន២២២ ៩៣៦នាក់ ក្នុងចំណោមកម្មករ និយោជិតជាសមាជិក ចំនួន ១ ៦៦០ ៤៦៤នាក់ នៃសហគ្រាស ចំនួន ១៣ ២១៦ សហគ្រាស។
ដោយឡែក សម្រាប់ផ្នែក ថែទាំសុខភាព បានផ្តល់សេវា ដល់កម្មករ និយោជិតចំនួន ៣ ២៦៥ ៤៥០ ដង/នាក់ ក្នុងចំណោមកម្មករនិយោជិត ប្រមាណជាង ២ ០៩៩ ៣៨២ នាក់ នៃសហគ្រាស ចំនួន ១០ ០៥៦ សហគ្រាស។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើ ធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូឆ្នាំ២០១៩ សាលប្រជុំ នៃសាលាខេត្តព្រះវិហារ ដោយមានការចូលរួម ពីមន្ទីរ អង្គភាព ម្ចាស់សហគ្រាស គ្រឹះស្ថាន ស្ថាប័នពាក់ព័ន្ធនានា ព្រមទាំងជនរងគ្រោះ ដោយសារគ្រោះថ្នាក់ការងារ សរុបប្រមាណជាង ១០០នាក់៕