អត្ថបទ

ក្រុមហ៊ុន HEINEKEN Cambodia ឈ្នះ​ពានរង្វាន់ ​​ធនធានមនុស្ស​ផ្នែក​អភិវឌ្ឍន៍​ អាជីព​ល្អ​បំផុត ប្រចាំតំបន់​អាស៊ី​ប៉ាស៊ីហ្វិក

ភ្នំពេញ ថ្ងៃទី​២៥​ ខែតុលា ឆ្នាំ​២០២១៖ ក្រុមហ៊ុន HEINEKEN Cambodia ត្រូវបាន​ទទួលស្គាល់ថាជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុនធំៗ​​ប្រចាំ​តំបន់អាស៊ី​ប៉ាស៊ីហ្វិក​ខាង​ផ្នែក​អភិវឌ្ឍន៍​អាជីព និង​បរិយាបន្ន​​​​​តាមរយៈការ​ទទួលបាន​ពាន​រង្វាន់ Employee Experience Awards 2021 ដ៏មាន​កិត្យានុភាព​ពី​​ក្រុមហ៊ុន Human Resources Online.net ដែល​មានមូលដ្ឋាននៅ​សិង្ហបុរី។

ក្រុមហ៊ុន HEINEKEN Cambodia ​ត្រូវបានប្រកាស​ថាជាអ្នកឈ្នះ​​ពាន​រង្វាន​ប្រាក់ Employee Experience Awards 2021 ក្នុង​ផ្នែក​​អភិវឌ្ឍន៍​អាជីព​ល្អ​បំផុត​។ ពាន​រង្វាន់​​នេះមាន​ន័យ​ថា​ជាការ​​ទទួល​ស្គាល់​​​ការប្តេជ្ញាចិត្ត​របស់​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​មួយ​នេះ​ចំពោះឱកាស​អភិវឌ្ឍន៍​អាជីព​ដែល​ក្រុមហ៊ុន​ផ្តល់​ជូន​និយោជិត​របស់​ខ្លួន “តាមរ​យៈការ​តម្រឹម​អាជីវកម្ម​ដ៏​ខ្លាំង កា​រប្តេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​ក្លា​​ចំពោះ​ការ​អភិវឌ្ឍន៍​វិជ្ជាជីវៈ​របស់​និយោជិត និង​ភាព​ម្ចាស់​ការ​​ក្នុងការ​​រៀបចំផែនការ​សម្រាប់​ជំនាញ​អនាគត”។ ក្រុមហ៊ុន​ HEINEKEN Cambodia ក៏​ទទួលបានការ​កោត​សរសើរ​​ផង​ដែរ​ចំពោះ​ការ​ចូលរួមរបស់​និយោជិត​ និងយុទ្ធសាស្រ្តជម្រុះ និង​បរិយាបន្ន (Diversity and Inclusion Strategy) របស់ក្រុមហ៊ុន។

សាជីវកម្ម​​អន្តរជាតិ​ធំៗ​ជាច្រើន​ផ្សេងទៀតដូច​ជាសាជីវកម្ម​​​ក្នុ​ងប្រទេស​សិង្ហបុរី ម៉ាឡេស៊ី និង​នៅទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បានចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​ពានរង្វាន់​​​​ដ៏​ល្បី​ឈ្មោះ​នេះដែល​ពាក់​ព័ន្ធ​នឹង​ធនធាន​មនុស្ស។ ក្រុមហ៊ុន HEINEKEN Cambodia គឺជា​ក្រុមហ៊ុន​ទីមួយ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​ដែល​ទទួល​បាន​ការ​ទទួលស្គាល់​បែបនេះ។

ពាន​រង្វាន់​ Employee Experience Awards ប្រចាំ​ឆ្នាំ​នេះ​មាន​​ដំណើរការ​ផ្តល់​ពិន្ទុ​ដ៏​តឹង​រ៉ឹង​ដែល​ធ្វើឡើង​ដោយគណៈកម្មការ​ដែលជា​​អ្នកដឹក​នាំ​ផ្នែក​ធនធាន​មនុស្ស​ជាន់​ខ្ពស់ ដោយ​វាយ​តម្លៃ​លើ​ពាក្យ​ស្នើ​សុំ​ចូល​រួម​ទាំង​អស់ ដើម្បី​ផ្តល់​ពិន្ទុ​ដោយ​យោង​ទៅ​តាម​បញ្ជី​លក្ខណៈ​វិនិច្ឆ័យ​ជាក់​លាក់​មួយ។ គណៈកម្មការ​​​ក៏​បាន​ពិនិត្យ​​មើល​យ៉ាង​ម៉ត់​ចង់​ផងដែរ​ ដើម្បីធ្វើ​ឱ្យ​ប្រាកដ​ថា មិន​មាន​ទំនាស់​ផល​ប្រយោជន៍ នៅពេល​​វាយ​តម្លៃ​ពាក្យ​ចូល​រួម​ប្រកួត។ ពាន​រង្វាន់​នេះ​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ជួយ​ក្រុមហ៊ុន​នានា​ឱ្យ​បង្ហាញ​ទេពកោសល្យ​ល្អៗ គំនិត​ផ្តួច​ផ្តើម និង​យុទ្ធសាស្រ្ត​របស់​ខ្លួន​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង “ដើម្បី​ទទួលបានការ​ទទួល​ស្គាល់​ពិត​ប្រាកដ​ថាជាក្រុមហ៊ុន​ល្អ​បំផុត​នៅ​អាស៊ី”។

លោក Samson Wong នាយកគ្រប់គ្រង​របស់ក្រុមហ៊ុន HEINEKEN Cambodia បា​ន​មាន​ប្រសាសន៍​ថា៖ «យើង​មាន​មោទនភាព​ដែលទទួលបានការ​​ទទួល​ស្គាល់​ការ​ប្តេជ្ញាចិត្តដ៏​ខ្លាំងក្លា​​របស់​យើង​ចំពោះការ​អភិវឌ្ឍ​វិជ្ជាជីវៈ​របស់​បុគ្គលិករបស់​យើង និង​ការ​វិនិយោគ​របស់​យើង​លើ​ជំនាញនា​ពេល​​អនាគត។ បុគ្គលិក​​និងការ​អភិវឌ្ឍ​របស់​ពួកគេ​ស្ថិត​នៅក្នុង​បេះដូង​របស់​ក្រុមហ៊ុន​យើង។ ខ្ញុំជឿ​ជាក់​យ៉ាង​ខ្លាំង​ថា ក្រុមហ៊ុនមួយ​អាចរីក​ចម្រើនទៅបានលុះត្រា​តែ​បុគ្គលិក​របស់​យើង​​​​ទទួល​បានការ​គាំទ្រ និង​​បទ​ពិសោធ​ដើម្បីរៀន​សូត្រ និងទទួលបាន​ភាព​រីកចម្រើន ខណៈដែល​មានការ​ប្តេជ្ញា​ចិត្ត​ និង​អារម្មណ៍​ថា​ខ្លួន​ឯង​ជា​ម្ចាស់ ដើម្បី​ផ្តល់​ជូន​លទ្ធល​ល្អ​ប្រសើរ។​​ ការ​ឈ្នះ​ពាន​រង្វាន់​នេះ​បង្ហាញ​សារ​យ៉ាង​ច្បាស់​​​​ទៅកាន់បុគ្គលិក​របស់​យើង​បច្ចុប្បន្ន និងបុគ្គលិក​​អនាគត​របស់​យើងថា ក្រុមហ៊ុនយក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើការ​អភិវឌ្ឍ​សមាជិក​ក្រុម​ការងារ​ទាំង​អស់។ នៅក្រុមហ៊ុន HEINEKEN Cambodia យើង​ផ្តល់​ឱកាស​ដល់​បុគ្គលិក​របស់​យើង​​គ្រប់រូប​ឱ្យ​បង្កើត​វឌ្ឍនភាព​​តាម​រយៈ​ភាព​ជា​អ្នក​ដឹកនាំ ការ​រៀន​សូត្រ​​ជំនាញ​ថ្មីៗ និង​ការ​ចូលរួម»។

ពាន​រង្វាន់ Employee Experience Awards គឺជា​ពាន​រង្វាន់​ផ្នែកធនធាន​មនុស្សថ្នាក់​​តំបន់ ដែល​ផ្តោត​លើ​ការ​បង្ហាញ​​​បទ​ពិសោធល្អ​ៗ​​របស់​និយោជិត។ ពាន​រង្វាន់​នេះ​មាន​បំណង​លើក​ទឹក​ចិត្ត​ឱ្យ​និយោជកឬ​ក្រុមហ៊ុន​ទាំង​អស់​​ទាញយក​ប្រយោជន៍​ពីការ​កិច្ចខិតខំប្រឹងប្រែង​ធ្វើការ​របស់​បុគ្គលិក​​របស់​ខ្លួន ​​ដើម្បី​បង្កើត​​កម្លាំង​ពលកម្ម​មួយ​ដែល​មានការ​ចូលរួម​កាន់តែ​ខ្លាំង​ដែល​មាន​ការ​លើកទឹកចិត្ត ពោរពេញដោយ​ផលិតកម្ម និង​ថាមពល ដើម្បី​រៀន​សូត្រ​​ជំនាញបន្ថែម និង​ផ្តល់​ជូន​អតិថិជន​នូវ​បទពិសោធ​ប្រកប​ដោយ​ភាព​​​វិជ្ជមាន។

លោក Samson Wong បានបន្ថែមទៀត​ថា៖ «នៅ​ក្រុមហ៊ុន HEINEKEN Cambodia យើង​ជ្រើស​រើស​យក​វិធីសាស្រ្តតាម​បែប​រចនា​សម្ព័ន្ធ​ដើម្បី​​​អភិវឌ្ឍ​សមាជិក​ក្រុម​ការងារ​របស់យើង​ទាំង​អស់។ សមាជិក​​ក្រុម​ការងារ​របស់យើង​ទាំង​អស់​គ្នា​ត្រូវបាន​ផ្តល់​ឱកាស​ឱ្យបង្កើត​វឌ្ឍនភាព​ខ្លួន​ឯង​ពី​កម្រិត​​ដំបូង​រហូត​ដល់​អ្នក​​ដឹកនាំ​ក្រុម ហើយ​ជាចុងក្រោយ​ឡើង​ទៅដល់​ថ្នាក់​គ្រប់គ្រង​ជាន់ខ្ពស់​ដោយ​ផ្អែកលើ​សមត្ថភាព និងការ​ប្តេជ្ញាចិត្ត​របស់​ពួកគេ។ វាគឺជា​វិធីសាស្រ្ត​របស់​យើង​ចំពោះ​ការអភិវឌ្ឍ​អាជីព និង​វប្បធម៌​កន្លែង​ធ្វើការ ដែល​គាំទ្រ​ដោយ​គោលបំណង និង​តម្លៃ​របស់​យើង ដែល​យើង​ជឿ​ជាក់​ថា​នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន HEINEKEN Cambodia ក្លាយជា​ក្រុម​ហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ល្អ​បំផុត​​​ដែល​មនុស្ស​គ្រប់គ្នា​ចង់​ធ្វើ​ការ​​ជាមួយ»។

ក្រុមហ៊ុន HEINEKEN Cambodia បច្ចុប្បន្ន​មាន​បុគ្គលិក​ជិត ៧០០​នាក់​ និង​ផ្ដល់​ការងារ​ជូន​ប្រជាជន​កម្ពុជា ១២០,០០០​​នាក់ ដែល​ប្រកប​ការងារ​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​អាជីវកម្ម​របស់​ក្រុមហ៊ុន ពោល​គឺ​រាប់​ចាប់​ពី​កសិករ​ដាំដុះ​​ស្រូវ រហូត​ដល់​អាជីវករ​លក់​ដូរ​ភេសជ្ជៈនៅ​តាម​ហាង​នានា។

ក្រុមហ៊ុន HEINEKEN Cambodia ត្រូវបានទទួលស្គាល់ដោយ​ឯកឧត្តម គង់ វិបុល ប្រតិភូ​រាជ​រដ្ឋាភិបាល​​ទទួលបន្ទុកជា​​អគ្គនាយក​នៃ​អគ្គនាយកដ្ឋានពន្ធដា​ថាជា’ក្រុមហ៊ុន​បង់​ពន្ធ​ច្រើនជាងគេ​នៅកម្ពុជា’។

បច្ចុប្បន្ន ក្រុមហ៊ុន HEINEKEN Cambodia ​ផលិត​ស្រាបៀរ​ចំនួន ៥ម៉ាក​ក្នុង​ប្រទេស​កម្ពុជា ដោយ​គោរព​​តាម​បទដ្ឋាន​​គុណភាព​ខ្ពស់បំផុត ដែល​បម្រើ​ជូនអតិថិជន​នូវ​​គ្រប់​រសជាតិ។ ផលិត​ចេញពី​គ្រឿង​ផ្សំ​ធម្មជាតិ ១០០% ពីរោងចក្រ​ក្នុងស្រុក ផលិតផល​ស្រាបៀរ​របស់ក្រុមហ៊ុន HEINEKEN (Cambodia) នៅ​កម្ពុជា​រួមមាន​ស្រាបៀរ Heineken ​ស្រាបៀរ ABC ​ស្រាបៀរ Tiger ​និង​ Tiger Crystal ស្រាបៀរ Anchor និង Anchor White ​ និង​​ស្រាបៀរ Gold Crown៕

To Top