ម៉ានីល៖ ស្ថានទូតហ្វីលីពីនប្រចាំ នៅទីក្រុងវ៉ាស៊ីនតោនកាលពីម្សិលមិញ បានអំពាវនាវឲ្យសហរដ្ឋអាមេរិក គោរពច្បាប់និងដំណើរការរបស់ ប្រទេសរបស់ខ្លួន បន្ទាប់ពីប្រធានាធិបតីលោក ដូណាល់ត្រាំ បានចុះហត្ថលេខា សម្រាប់ថវិកាឆ្នាំ ២០២០ ជាមួយនឹងបទប្បញ្ញត្តិហាមឃាត់មន្រ្តីហ្វីលីពីន ដែលពាក់ព័ន្ធនឹងការឃុំខ្លួន លោកស្រី Leila de Lima ពីការចូល សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន Philstar ចេញផ្សាយ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ស្ថានទូតបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយថា « ប្រទេសទាំងអស់មាន បុព្វសិទ្ធិអធិបតី ក្នុងការអនុញ្ញាត ឬហាមបុគ្គលពី ការចូលព្រំដែនរបស់ពួកគេ។ យើងណែនាំយ៉ាងទទូច ដល់សហរដ្ឋអាមេរិក ឱ្យគោរពច្បាប់ និងដំណើរការរបស់ យើងតាមរបៀប ដែលយើងគោរពតាមច្បាប់ របស់ពួកគេដូចគ្នាដែរ» ។
ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំសហរដ្ឋអាមេរិក លោក Jose Manuel Romualdez បានដាក់ស្លាកថា ជារឿងមិនអាចទទួលយកបាន និងជាទម្រង់នៃការជ្រៀតជ្រែក ចូលកិច្ចការ ផ្ទៃក្នុងរបស់ប្រទេស ចំពោះការហាមឃាត់ការធ្វើដំណើររបស់ សហរដ្ឋអាមេរិកនេះ។
លោក Romualdez បានចេញសេចក្តីថ្លែងការណ៍ ជាប្រតិកម្មតបទៅនឹងការអនុម័ត របស់ព្រឹទ្ធសភាអាមេរិកលើដំណោះស្រាយ ដែហាមមន្រ្តីហ្វីលីពីនណាមួយ ដែលពាក់ព័ន្ធនឹងការឃុំខ្លួន របស់លោកស្រី De Lima ចូលសហរដ្ឋអាមេរិក៕ ប្រែសម្រួលៈ ណៃ តុលា