ព័ត៌មានអន្តរជាតិ

ចិន និងអាមេរិក​ ប្រកាសកិច្ចព្រមព្រៀងជំរុញបង្កើនសហប្រតិបត្តិការ លើបញ្ហាបម្រែបម្រួលអាកាសធាតុ

បរទេស៖ប្រទេសចិននិងសហរដ្ឋអាមេរិក ដែលជាប្រទេសបំភាយកាបូនឌីអុកស៊ីតដ៏ធំបំផុតទាំងពីរលើពិភពលោក តាមសេចក្តីរាយការណ៍ បានបង្ហាញនូវកិច្ចព្រមព្រៀងមួយ ជំរុញបង្កើនសហប្រតិបត្តិការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ រួមទាំងដោយកាត់បន្ថយការបំភាយឧស្ម័នមេតាន ការពារព្រៃឈើរ កាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម។


នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដែលប្រកាសនៅក្នុងកិច្ចប្រជុំស្តីពីបម្រែបម្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ក្នុងទីក្រុង Glasgow ប្រទេសទាំងពីរបាននិយាយថា ពួកគេទើបបានសម្រេចកិច្ចព្រមព្រៀងមួយបង្កើនកិច្ចប្រឹងប្រែងទ្វេដងជាថ្មី ដើម្បីប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ ជាមួយនឹងចំណាត់ការដ៏ច្បាស់លាស់។


ប្រទេសដែលបំភាយកាបូនដ៏ធំបំផុតទាំងពីរលើពិភពលោកនេះ បាននិយាយថា កិច្ចព្រមព្រៀងរបស់ពួកគេ ស្នើឲ្យមានចំណាតការអាកាសធាតុកាន់តែប្រសើរឡើង នៅក្នុងទសវត្សឆ្នាំ២០២០ ដោយប្រើប្រាស់គោលការណ៍ណែនាំនៃកិច្ចព្រមព្រៀងស្តីពីអាកាសធាតុក្រុងប៉ារីសឆ្នាំ២០១៥ ដោយរួមមានទាំងគោលដៅកាត់បន្ថយការបំភាយឧស្ម័នកាន់តែខ្លាំងឡើង នៅក្នុងឆ្នាំ២០២៥ផង។


តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ALJAZEERA នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា កិច្ចព្រមព្រៀងរបស់មហាអំណាចសេដ្ឋកិច្ចទាំងពីរ ក៏បានស្នើឲ្យមានបទប្បញ្ញត្តិដ៏រឹងមាំនិងជាក់លាក់ ក្នុងការកាត់បន្ថយការបំភាយឧស្ម័នមេតាន និងប្រយុទ្ធប្រឆាំងនឹងការកាប់បំផ្លាញ់ព្រៃឈើរផងដែរ៕


ប្រែសម្រួល៖ប៉ាង កុង

To Top