ព័ត៌មានជាតិ

រថយន្ត ដែលបើកបុកយុវតី ២នាក់ស្លាប់ ត្រូវសមត្ថកិច្ចចាប់បានហើយ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងនគរបាល នៃស្នងការរាជធានីភ្នំពេញ បានសហការជាមួយ កម្លាំងនគរបាលខេត្តកណ្តាល បានឃាត់ខ្លួនបុរសម្នាក់ រួមទាំងរថយន្តម៉ាក AUDI ដែលបើកបុកយុវតី ២នាក់ បណ្តាលឲ្យស្លាប់ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា កាលពីយប់ថ្ងៃទី១១ ខែធ្នូ កន្លងទៅ ។

ក្រោយពីមានបទបញ្ជា ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ តាមប័ណ្ណសំគាល់រថយន្ត ដែលកាមេរ៉ាសុវត្ថិភាពតាមផ្លូវ បានបង្ហាញរហូតឈានដល់ការឃាត់ខ្លួន អ្នកបើករថយន្ត និងរថយន្តនៅជិតស្ពានលីយ៉ុងផាត់ ក្នុងខណ្ឌជ្រោយចង្វារនៅរសៀលថ្ងៃនេះ។

រថយន្ត បង្កម៉ាក AUDI ពាក់ស្លាកលេខ ភ្នំពេញ 2AF-5659 អ្នកបើកបរឈ្មោះ សុមេត សុកន្ធរ័ត្នវត្តី មានទីលំនៅផ្ទះលេខ៣៣A ផ្លូវលេខ៣៣៧ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

សូមរំលឹកបន្តិចថា យុវតី២នាក់ បានស្លាប់ឈ្មោះ ភ័ណ្ឌ ភីរ៉ាដា អាយុ១២ឆ្នាំ រៀនថ្នាក់ទី៧ និងម្នាក់ទៀតឈ្មោះ ខេន កូវ៉ា អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៨ ដោយសាររថយន្តទំនើបបើកលឿន ដូចហោះ បុកពេញទំហឹង ពេលជនរងគ្រោះទាំងពីរនាក់ កំពុងជិះម៉ូតូឌុបគ្នាចេញពីរៀនភាសា កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅភូមិរនះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៕

To Top