បរទេស ៖ ប្រទេសចិន នាពេលថ្មីៗនេះ បានកាត់បន្ថយចំណងការទូតជាផ្លូវការ ជាមួយប្រទេស លីទុយអានី ក្រោយប្រទេស នៅតំបន់សមុទ្របាល់ទិកនេះ អនុញ្ញាតឲ្យតៃវ៉ាន់ បើកស្ថានទូតក្រៅផ្លូវការ នៅក្នុងទីក្រុងវីលនីស នេះបើយោង តាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារ សារព័ត៌មាន ALJAZEERA នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ក្រសួងការបរទេសចិន បាននិយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយនៅថ្ងៃអាទិត្យនេះថា ប្រទេសលីទុយអានី បានព្រងើយកន្តើយនឹង គោលជំហរដ៏មុតមាំ របស់ប្រទេសចិន និងទំនៀមមូលដ្ឋាននៃចំណងទាក់ទងអន្តរជាតិ ក្នុងការអនុញ្ញាតឲ្យកោះតៃវ៉ាន់ បង្កើនការិយាល័យតំណាង របស់ខ្លួននៅក្នុងប្រទេស។
សេចក្តីថ្លែងការណ៍របស់ក្រសួង ការបរទេសចិននេះ បាននិយាយផងដែរថា ទង្វើ នោះបានធ្វើឲ្យប៉ះពាល់ ដល់អធិបតេយ្យភាព និងបូរណភាព ទឹកដីរបស់ប្រទេសចិន និង បានជ្រៀតជ្រែក ទាំងស្រុកក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ដោយបង្កើតឲ្យមានគំរូមិនល្អ ជាអន្តរជាតិ ហើយចំណងមិត្តភាព នឹងត្រូវកាត់បន្ថយទៅជា កម្រិតភារធារី ដែលជាកម្រិតទាប ជាងឯកអគ្គរដ្ឋទូត ។
គួរបញ្ជាក់ថា ប្រទេសចិន ចាត់ទុកកោះកាន់ លទ្ធិប្រជាធិបតេយ្យ តៃវ៉ាន់ ថាជាទឹកដីមួយផ្នែករបស់ខ្លួន ដោយគ្មានសិទ្ធិផ្សារ ភ្ជាប់ចំណងមិត្តភាពក្នុង នាមជារដ្ឋនោះឡើយ ហើយកាលពីមុន ប្រទេសចិន ក៏ធ្លាប់បានបណ្ដេញឯកអគ្គរដ្ឋទូតលីទុយអានី ក្នុងដំណើរតវ៉ាប្រឆំាង នឹងការបង្កើនចំណងមិត្តភាព រវាងទីក្រុងវីលនីស និងទីក្រុងតៃប៉ិ ៕ ប្រែសម្រួល៖ប៉ាង កុង