ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងលោក ស៊ូ ហ្សឹងតឺ នាយកក្រុមសម្ព័ន្ធត្រួតពិនិត្យ និងបញ្ជាក់គុណភាពរបស់ចិន (CCIC) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច តាមប្រព័ន្ធវីដេអូ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ ក្រសួង ពាណិជ្ជកម្ម នាថ្ងៃទី២២ វិច្ឆិកា បានឲ្យដឹងថា អនុស្សរណៈ នៃការយោគយល់គ្នានេះ គឺជាឯកសារក្របខណ្ឌ សម្រាប់តម្រង់ទិសកិច្ចសហប្រតិបត្តិការ រយៈពេលវែង សម្រាប់ជំរុញការ ធ្វើពាណិជ្ជកម្មរវាង កម្ពុជា និងចិន។
ប្រភពដដែល បានបន្ដថា អនុស្សរណៈនេះមានគោលដៅ ធានានូវគុណភាព សុវត្ថិភាពផលិតផល នាំចេញ-នាំចូល និងបង្កើតយន្តការ សម្រាប់តាមដានប្រភពនៃផលិតផល ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ក្នុងការលុបបំបាត់របាំងពាណិជ្ជកម្ម និងជំរុញការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីឲ្យបានកាន់តែប្រសើរ និងបម្រើឱ្យផលប្រយោជន៍ នៃប្រជាជនប្រទេសទាំងពីរ៕