ព័ត៌មានជាតិ

ទូតជប៉ុន និងអាជ្ញាធរ រាជធានីភ្នំពេញ ចុះពិនិត្យខ្សែរត់ របស់រថយន្តក្រុង

ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មីកាមិ ម៉ាសាហីរ៉ូ និងលោក នួន ផារត្ន័ អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចុះទៅទស្សនកិច្ចនៅ ស្ថានីយចំណតរថយន្តក្រុង និងធ្វើដំណើរតាមរថយន្តក្រុង របស់រដ្ឋាករស្វយ័តដឹកជញ្ជូន សាធារណៈរថយន្តក្រុង City Bus រាជធានីភ្នំពេញ ក្នុងគោលបំណងលើកកម្ពស់ ការជិះរថយន្តក្រុង តាមរយៈការផ្សព្វផ្សាយវីដេអូខ្លី ដែលបង្កើតឡើង ដោយស្ថានទូតជប៉ុនប្រចាំកម្ពុជា។

បើយោងតាមមន្ត្រីសាលារាជធានីភ្នំពេញ បានឲ្យដឹងថា ដោយសារជំងឺរាតត្បាតកូវីដ១៩ ដូច្នេះការចុះពិនិត្យនេះ ធ្វើឡើងដោយមិនមាន ថ្លែងសុន្ទរកថាអ្វីឡើយ គ្រាន់តែឯកអគ្គរាជទូតជប៉ុន និងលោក នួន ផារត្ន័ ធ្វើដំណើរតាមរថយន្តក្រុង ពីចំណតវិទ្យាល័យព្រះស៊ីសុវត្ថិ ដល់ចំណតរង់ចាំ រថយន្តក្រុងមុខវត្តថាន់ ប៉ុណ្ណោះ ព្រមទាំងមានការកំណត់ ទាំងខាងស្ថានទូតជប៉ុន សាលារាជធានីភ្នំពេញ និងរដ្ឋាករស្វយ័ត ដឹកជញ្ជូនរថយន្តក្រុង ដើម្បីជៀសវាងហានីភ័យ នៃការឆ្លងជំងឺកូវីដ១៩។

យ៉ាងណាមិញការពិនិត្យនេះ ក៏មានការធ្វើបទបង្ហាញ ស្តីពីអត្ថប្រយោជន៍ នៃការប្រើប្រាស់ម៉ូតូអគ្គីសនី e.bike ភ្ជាប់ជាមួយសេវារថយន្តក្រុងផងដែរ។

គួរឲ្យដឹងថា សេវាដឹកជញ្ជូនសាធារណៈ រថយន្តក្រុងCity Bus នៅរាជធានីភ្នំពេញភ្នំពេញ បានចាប់ដំណើរការឡើងវិញ ក្រោយពីផ្អាកសកម្មភាពមួយរយៈ ដោយសារតែការឆ្លងរាលដាល នៃជំងឺកូវីដ១៩៕

To Top