តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលអ៊ីរ៉ង់ កាលពីថ្ងៃពុធបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៤,៣១២ករណី ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបរបស់ប្រទេសនេះកើនឡើងដល់៦,១២១,៧៥៧នាក់ ។
ក្រសួងបានឲ្យដឹងថា ជំងឺរាតត្បាតក៏បានឆក់យកជីវិតមនុស្ស៨២នាក់ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ដោយគិតទៅមានចំនួនសរុបចាប់តាំងពីការផ្ទុះឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២០ កើនដល់១២៩,៩១២ នាក់ ។
ក្រសួងបានឱ្យដឹងថា មនុស្សសរុបចំនួន៥.៨៩២.៥៧៤នាក់បានជាសះស្បើយពីជំងឺ ឬត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យនៅទូទាំងប្រទេស ខណៈដែល៣.៣២៨នាក់នៅតែស្ថិតក្នុងបន្ទប់ជួយសង្គ្រោះបន្ទាន់ ។
គិតត្រឹមថ្ងៃពុធ ប្រជាជនអ៊ីរ៉ង់ចំនួន៥៧.៧៧៦.៩១៧នាក់បានទទួលវ៉ាក់សាំងកូវីដ-១៩ លើកដំបូងរបស់ពួកគេ ហើយ៤៧.៣៨៥.៣៤៦នាក់ ក្នុងចំណោមពួកគេបានចាក់បានលើកទី២ ។ ទន្ទឹមនឹងនេះដែរ មនុស្សចំនួន១.១០៥.០៥៦នាក់នៅក្នុងប្រទេសនេះបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកទី៣ ។
របាយការណ៍បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះការធ្វើតេស្តចំនួន ៣៨. ៨៧៣. ១៥៦នាក់ ត្រូវបានអនុវត្តនៅទូទាំងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា