ព័ត៌មានជាតិ

អតីត អគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសចិន ត្រូវអង្គភាព ប្រឆាំងអំពើពុករលួយ ឃាត់ខ្លួន បញ្ជូនមកតុលាការ (មានវីដេអូ)

ភ្នំពេញ៖ លោក គ្រុយ លឹមហេង អតីតអគ្គកុងស៊ុល នៃស្ថានអគ្គកុងស៊ុល ព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋ ប្រជាមានិតចិន ត្រូវបានសមត្ថកិច្ច អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU ឃាត់ខ្លួន បញ្ជូនមកអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែធ្នូ នេះ ដើម្បីសាកសួរករណី ប្រព្រឹត្តអំពើពុករលួយ ។

អ្នកនាំពាក្យ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ លោក គុជ គឹមឡុង ថ្លែងថា ពេលនេះ ខាងអយ្យការកំពុងសាកសួរ តាមនីតិវិធីហើយ ។

ពាក់ព័ន្ធករណីអ្វីពិតប្រាកដនោះ លោក គុជ គឹមឡុង បដិសេធ មិនធ្វើអត្ថាធិប្បាយទេ ដោយរង់ចាំបញ្ចប់នីតិវិធី នៃការសាកសួរសិន ទើបជម្រាបជូនលទ្ធផល នាពេលក្រោយ ។

ជាមួយគ្នានេះ ពុំទាន់អាចទំនាក់ទំនង សុំការបញ្ជាក់ពីលោក កុយ កួង អ្នកនាំពាក្យក្រសួងការបរទេស បាននៅឡើយទេ ដោយសារទូរស័ព្ទ ចូលគ្មានអ្នកទទួល ។

ប្រភពព័ត៌មានក្រៅផ្លូវការមួយ បង្ហើបប្រាប់ថា លោក គ្រុយ លឹមហេង អាយុ៤៥ឆ្នាំ ជាប់សង្ស័យពីបទ បំផ្លាញដោយចេតនា និង គៃបំបាត់ដោយទុច្ចរិត រំលោភអំណាច និង វិតិក្រម ប្រព្រឹត្តកាល ពីអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨ និង ករណី មិនប្រកាស ទ្រព្យសម្បត្តិ និងបំណុល ប្រព្រឹត្តនៅ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ ។

ប្រភពព័ត៌មានក្រៅផ្លូវការ ដដែលបន្តថា លោកគ្រុយ លឹមហេង ពាក់ព័ន្ធនឹងការបាត់សន្លឹកទិដ្ឋាការស្អិត ចំនួន១៦០០សន្លឹក ការក្លែងបន្លំសន្លឹកទិដ្ឋាការស្និត ចំនួន៥០០សន្លឹក និងភាពមិនប្រក្រតី នៃការប្រើប្រាស់ថវិកា ចំណាយចំណូល របស់ស្ថានអគ្គកុងស៊ុល ព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុងគុនមិញ ខេត្តយូណាន សាធារណរដ្ឋ ប្រជាមានិតចិន ៕

To Top