ភ្នំពេញ៖ លោក វ៉ាង យី ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញជំហររបស់ខ្លួន ក្នុងការគាំទ្រឱ្យបង្កើតរោងចក្រផលិត វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា។
ការប្រកាសគាំទ្រនេះ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានស្នើទៅកាន់លោក ស៊ីជីន ពីងប្រធានាធិបតីចិន ជួយលើផ្នែកបច្ចេកទេស ក្នុងការផលិតវ៉ាក់សាំងកូវីដ១៩ នៅកម្ពុជា ។
នៅក្នុងដំណើរទស្សនកិច្ច ៣ថ្ងៃ ទៅកាន់ប្រទេសចិន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ។
ក្នុងជំនួបនេះ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា «កម្ពជាសូមកោតសរសើរ ចំពោះការផ្ដល់ជំនួយអភិវឌ្ឍន៍របស់មិត្តចិន ដែលបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ជាពិសេសការផ្គត់ផ្គង់សម្ភារៈវេជ្ជសាស្រ្ត និងវ៉ាក់សាំងបង្ការជំងឺកួវីដ១៩ ដែលចាំបាច់សម្រាប់កម្ពុជា ក្នុងការគ្រប់គ្រងបាននូវការរាតត្បាតនៃជំងឺកូវីដ១៩»។
ជាការឆ្លើយតប លោក វ៉ាង យី បានបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តផ្ដល់ជំនួយដល់កម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ រួមទាំងការគាំទ្រឱ្យបង្កើតរោងចក្រផលិត វ៉ាក់សាំងកូវីដ១៩ នៅកម្ពុជាផងដែរ។