ព័ត៌មានជាតិ

កម្ពុជា-ចិន ប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យដល់១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣

ភ្នំពេញ៖ ដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន រយៈពេល៣ថ្ងៃ របស់លោក ប្រាក់ សុខុន នៅក្នុងជំនួបជាមួយលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ភាគីទាំងពីរ បានបង្ហាញ ការប្ដេជ្ញាចិត្ត ជំរុញទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យដល់១០ពាន់លានដុល្លារ នៅឆ្នាំ២០២៣។

សូមរំលឹកថា រយៈពេលចំនួន១០ខែ ក្នុងឆ្នាំ២០២១នេះ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងចិននិងកម្ពុជា មានចំនួនទឹកប្រាក់កើន រហូតដល់៨៩៣១លានដុល្លារអាមេរិក មានកំណើន ៣៨.៥៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស ស្ដីពីលទ្ធផលនៃទស្សនកិច្ចរបស់ លោក ប្រាក់ សុខុន ទៅកាន់ខេត្តជឺជាំង ប្រទេសចិន នាថ្ងៃទី៣-៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ប្រមុខការទូត កម្ពុជា-ចិន បានកត់សម្គាល់ដោយការ ពេញចិត្តនូវការរីកចំរើននៃពាណិជ្ជកម្មទ្វេភាគី ក្នុងអំឡុងពេលនៃជំងឺរាតត្បាតសាកលកូវីដ-១៩។

ភាគីទាំងពីរ ក៏បានសម្តែងការអបអរសាទរ ការចូលជាធរមាននៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ នៅដើមឆ្នាំក្រោយ ហើយបាន ប្តេជ្ញាចិត្តនឹងទាញយកប្រយោជន៍ឱ្យបានច្រើនពីកិច្ចព្រមព្រៀងទាំងពីរខាងលើ ដើម្បីជំរុញ ពាណិជ្ជកម្ម ទ្វេភាគីរវាងប្រទេសទាំងពីរឱ្យដល់ ១០ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោក ប្រាក់ សុខុន ក៏បានសម្តែងការអរគុណចំពោះ ការប្តេជ្ញាចិត្តរបស់មិត្តចិន ក្នុងការបង្កើនការនាំចូល កសិផលកម្ពុជាចូលទៅកាន់ទីផ្សារចិនឲ្យបានកាន់តែច្រើនថែមទៀត ។

នៅក្នុងដំណើរទស្សនកិច្ចនេះ រដ្ឋមន្ត្រីការបរទេសទាំងពីរ ក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្តីពី ការត្រួតពិនិត្យអនាម័យសត្វ និងភូតគាមអនាម័យ និង សុវត្ថិភាពចំណីអាហារ រវាងកម្ពុជា និងចិន ផងដែរ៕

To Top