បរទេស៖ ឧត្តមសេនីយ Bipin Rawat បានស្លាប់នៅក្នុងការហេតុការណ៍ធ្លាក់ ឧទ្ធម្ភាគចក្រនៅភាគខាងត្បូងនៃប្រទេស ឥណ្ឌា និងបានឆក់យកជីវិតមនុស្ស ១២ នាក់ផ្សេងទៀត ប៉ុន្តែបានបន្សល់ទុកអ្នកនៅរស់រានមានជីវិតម្នាក់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Rawat ប្រពន្ធ និងអ្នកផ្សេងទៀតនៅលើឧទ្ធម្ភាគចក្រ Mi-17V5 របស់កងទ័ពអាកាសឥណ្ឌា ដែលបានធ្លាក់កាលពីថ្ងៃពុធនៅក្នុងក្រុង Coonoor នៃរដ្ឋ Tamil Nadu ។ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះជាច្រើនម៉ោង យោធាបានបញ្ជាក់ចំនួនអ្នកស្លាប់។
អត្តសញ្ញាណរបស់អ្នករស់រានមានជីវិតតែម្នាក់ត្រូវបានបង្ហាញថាជា កាពីទែនក្រុម Varun Singh SC ដែលបម្រើការនៅមហាវិទ្យាល័យបុគ្គលិកផ្នែកការពារជាតិក្នុងទីក្រុង Wellington ។ គាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធា។
លោក Rawat បានបម្រើការជាប្រធានគណៈកម្មាធិការបុគ្គលិក និងបន្តជាប្រធានបុគ្គលិកការពារនៃក្រសួងការពារជាតិដំបូងបង្អស់របស់ប្រទេសឥណ្ឌា នៅពេលដែលការិយាល័យថ្មីត្រូវបានបង្កើតឡើងដើម្បីជំនួសតំណែងមុនក្នុងឆ្នាំ 2020។ ឧត្តមសេនីយផ្កាយ៤រូបនេះពីមុនបានបម្រើការជាប្រធានបុគ្គលិកកងទ័ព។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Rajnath Singh បាននិយាយថា គាត់ “មានការសោកស្ដាយយ៉ាងខ្លាំង” ចំពោះការស្លាប់របស់ឧត្តមសេនីយ៍ Rawat និងជនរងគ្រោះផ្សេងទៀតនៃការធ្លាក់ឧទ្ធម្ភាគចក្រ។ គាត់បានសរសេរនៅលើ Twitter ថា “ការស្លាប់របស់គាត់ ជាការស្លាប់ដែលយើងមិនចង់ឃើញ គឺជាការបាត់បង់ដែលមិនអាចជួសជុលបានចំពោះកងកម្លាំងប្រដាប់អាវុធ និងប្រទេសរបស់យើង” ៕ប្រែសម្រួលៈ ណៃ តុលា