ព័ត៌មានអន្តរជាតិ

ធ្លាក់ឧទ្ធម្ភាគចក្រ យោធានៅប៉េរូ ស្លាប់មនុស្សអស់ ៥នាក់

លីម៉ា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ថា សមាជិកនាវិកឧទ្ធម្ភាគចក្រ របស់កងទ័ពអាកាសប៉េរូ ចំនួន៥នាក់ដែលបានបាត់ខ្លួន តាំងពីថ្ងៃអង្គារត្រូវបានគេរកឃើញថា បានស្លាប់កាលពីថ្ងៃពុធ នៅក្នុងតំបន់លីម៉ា ។

កងទ័ពអាកាសបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងល្បាត របស់កងកម្លាំងប្រដាប់អាវុធ អាចកំណត់ទីតាំងយន្តហោះ ដែលបានហោះចេញពី អាកាសយានដ្ឋានអន្តរជាតិ Jorge Chavez ក្នុងទីក្រុង Lima មុនពេលបាត់ការទំនាក់ទំនង។

លោក Pedro Castillo ប្រធានាធិបតីប៉េរូ បានសម្តែងការរំលែកទុក្ខ ចំពោះការស្លាប់របស់ទាហាន តាមរយៈបណ្តាញសង្គម Twitter ដោយបញ្ជាក់ថា “ពួកគេបានលះបង់ជីវិត របស់ពួកគេនៅក្នុងពេល បំពេញកាតព្វកិច្ច” ។

ឧទ្ធម្ភាគចក្រ MI-171SH បានបាត់បង់ការទាក់ទងនៅជិតក្រុង San Mateo ចម្ងាយប្រហែល ៧០គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុង Lima បន្ទាប់ពីនោះអាជ្ញាធរបាន ចាប់ផ្តើមការស្វែងរកតាមអាកាស និងដីដែលត្រូវបានផ្អាក ដោយសារតែអាកាសធាតុអាក្រក់ ។

បន្ទាប់ពីបន្តការស្រាវជ្រាវ និងរកឃើញសាកសព កម្លាំងទ័ពអាកាសបាន បញ្ជាឱ្យស៊ើបអង្កេតភ្លាមៗ ដើម្បីកំណត់ពីមូលហេតុ នៃគ្រោះថ្នាក់នេះផងដែរ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top