នយោបាយ

នាយករដ្ឋមន្រ្តីកម្ពុជា បញ្ជាឲ្យប្រមូលអាវុធ និងសម្ភារៈ យោធាអាមេរិក ទាំងអស់ ទៅរក្សាទុកក្នុងឃ្លាំង ឬកំទេចចោល (Video)

ភ្នំពេញ ៖ ឆ្លើយតបទៅនឹងការប្រកាសរបស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកគំរាមដាក់ទណ្ឌកម្មកម្ពុជាថែមទៀត អំពីអាវុធ និងសម្ភារៈយោធានាំចូលមកកម្ពុជានោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាមិនបង្អង់យូរទៀតទេ គឺបានដាក់ចេញបទបញ្ជាឲ្យអង្គភាពប្រដាប់អាវុធទាំងអស់ ត្រួតពិនិត្យឡើងវិញ ជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធាដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិក ទាំងអស់ ទៅកំទេចចោល ឬរក្សាទុកក្នុងឃ្លាំង។

បើតាមសម្តេចអាវុធរបស់អាមេរិក បើធ្វើសង្គ្រាមមិនដែលឈ្នះនោះទេ ដូចជាកាលពីក្នុងរបបសាធារណខ្មែររបស់ លន់ នល់។

ការចេញបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នេះ បន្ទាប់ពីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក កាលពីថ្ងៃទី៨ ធ្នូ បានប្រកាសថា អាមេរិកនឹងបន្ថែមវិធានការកំណត់ថ្មីលើការនាំចេញឡើងវិញ នូវប្រភេទទំនិញរស៊ើបរបស់ខ្លួនមកកាន់កម្ពុជា និងព្រមទាំងមានការហាមឃាត់លក់អាវុធនិងសម្ភារៈយោធាដល់កម្ពុជា ដោយក្រោមហេតុផលថា មានអំពើរំលោភបំពានសិទ្ធិមនុស្ស អំពើពុករលួយ និងការអនុញ្ញាត បង្កើនវត្តមានយោធាចិន ក្នុងប្រទេសកម្ពុជា ។

នៅលើគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ សហរដ្ឋអាមេរិកបានសម្រេច អំពីការរឹតត្បិតការលក់ដូរអាវុធ និងសម្ភារៈយោធាដល់កម្ពុជា។ ខ្ញុំឆ្លៀតយកឱកាសនេះ សូមអរគុណចំពោះសហរដ្ឋអាមេរិក ដោយសារការសម្រេចរបស់សហរដ្ឋអាមេរិកលើបម្រាមការលក់ដូរអាវុធ និងសម្ភារៈយោធាមកកម្ពុជានាពេលនេះ គឺបានឆ្លុះបញ្ចាំង ពីភាពត្រឹមត្រូវ នៃការសម្រេចចិត្តរបស់ខ្ញុំ កាលពីឆ្នាំ ១៩៩៤ ដែលនៅពេលនោះ ខ្ញុំបានធ្វើការសម្រេចចិត្ត ដោយមិនធ្វើការផ្លាស់ប្តូរប្រព័ន្ធអាវុធកម្ពុជាដែលមានពេលនោះ ទៅទិញប្រព័ន្ធអាវុធអាមេរិក»

សម្ដេចគូសបញ្ជាក់យ៉ាងច្បាស់ៗថា “សូមដាក់ចេញបទបញ្ជាដល់អង្គភាពប្រដាប់អាវុធទាំងអស់ឲ្យធ្វើការត្រួតពិនិត្យឡើងវិញ ជាបន្ទាន់អំពីអាវុធ និងសម្ភារៈយោធាដែលកម្ពុជាមានបច្ចុប្បន្ន ហើយត្រូវប្រមូលអាវុធ និងសម្ភារៈយោធាអាមេរិកទាំងអស់ ប្រសិនបើមាន យកទៅរក្សាទុកក្នុងឃ្លាំង ឬយកទៅកំទេចចោល តាមការជាក់ស្តែង”

សម្ដេច ក៏បានឲ្យដឹងផងដែរថា តាមចំណាំរបស់សម្ដេច អ្នកដែលធ្លាប់ប្រើប្រព័ន្ធអាវុធអាមេរិក ជាច្រើន បានចាញ់សង្រ្គាម ដូចជាក្នុងរបបសាធារណខ្មែររបស់ លន់ នល់ ដែលពេលនោះបានប្រើប្រព័ន្ធ អាវុធអាមេរិក និងបាននាំចូល អាវុធជាច្រើនមកកម្ពុជា ហើយធ្វើឲ្យកម្ពុជា ជាប់បំណុលខ្មៅនេះ រហូតមកដល់បច្ចុប្បន្ន។

សម្ដេចបន្ថែមថា ថ្មីៗនេះ ទៀតសោត គឺអ្នកប្រើប្រព័ន្ធអាវុធអាមេរិក ក៏បានចាញ់សង្រ្គាមនៅអាហ្គានីស្ថាន ។ សម្ដេចមានជំនឿលើភាពក្លាហាន ព្រមទាំងស្មារតី និងទឹកចិត្តប្រយុទ្ធ របស់យុទ្ធជនក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា ជាជាងលើអាវុធតែមួយមុខ។

ជាថ្មីម្តងទៀត សម្ដេចសូមអរគុណសហរដ្ឋអាមេរិកដែលបានជួយបញ្ជាក់ថា ការសម្រេចចិត្ត របស់សម្ដេច មិនយល់ព្រមទិញអាវុធពីអាមេរិក ពិតជាត្រឹមត្រូវសម្រាប់នយោបាយ ការពារជាតិរបស់កម្ពុជា ហើយវាក៏ជាសារព្រមានមួយប្រាប់ទៅខ្មែរដែលគ្រប់គ្រងរាជរដ្ឋាភិបាលជំនាន់ក្រោយឲ្យបានជ្រាបថាបើចង់មានឯករាជ្យភាពលើវិស័យ ការពារជាតិសូមកុំប្រើប្រាស់អាវុធរបស់ អាមេរិក ៕

To Top