ភ្នំពេញ ៖ ដើម្បីលើកកម្ពស់ការ កសាងសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការអប់រំ នៅមធ្យមសិក្សា បឋមភូមិនៅកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៃសាធារណរដ្ឋកូរ៉េ ។
យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងអប់រំបានឲ្យដឹងថា តាមរយៈកិច្ចសហការខាងលើ ថ្នាក់ដឹកនាំបានរៀបចំ កិច្ចប្រជុំជាលើកដំបូង ក្រោមអធិបតីភាព លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Rho Hyunjun នាយកទីភ្នាក់ងារ KOICA ប្រចាំនៅកម្ពុជា និងប្រធានអង្គភាពពាក់ព័ន្ធ ។
សូមជម្រាបថា ក្រសួង អប់រំ យុវជន និងកីឡា បានបង្កើតគណៈកម្មការអនុវត្តគម្រោងនេះ ក្រោមជំនួយពីសំណាក់ KOICA ដើម្បីសហការទទួលខុសត្រូវ និងអនុវត្តគម្រោង ប្រកបដោយប្រសិទ្ធភាព ដើម្បីចូលរួមលើកកម្ពស់ការកសាង សមត្ថភាពបច្ចេកវិទ្យា សម្រាប់ការអប់រំនៅកម្ពុជា ស្របតាមចក្ខុវិស័យ នៃរាជរដ្ឋាភិបាលកម្ពុជា ៕