ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង ជំរុញឲ្យរៀបគ្រែបន្ថែមសម្រាប់អ្នកជម្ងឺកូវីដ១៩

បរទេស៖ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា មន្ទីរពេទ្យរបស់កូរ៉េខាងត្បូង ត្រូវតែរៀបចំគ្រែនិងធនធានបន្ថែមទៀត សម្រាប់ព្យាបាលអ្នកជម្ងឺកូវីដ១៩ ស្របពេលដែលករណីឆ្លងធ្ងន់ធ្ងរ បានឈានជិតដល់កម្រិតខ្ពស់បំផុត។
ស្របពេលដែលប្រព័ន្ធសុខាភិបាល ជាប់គាំងដោយសារតែការកើនឡើងខ្លាំងក្នុងករណីឆ្លងប្រចាំថ្ងៃថ្មីនិងករណីជម្ងឺធ្ងន់ធ្ងរនោះ អាជ្ញាធរកូរ៉េខាងត្បូង បានអនុវត្តជាថ្មីនូវច្បាប់គម្លាតសង្គមកាន់តែម៉ឺងម៉ាត់ឡើង នៅក្នុងសប្ដាហ៍នេះ ត្រឹមតែមួយខែកន្លះបន្ទាប់ពីធ្វើការបន្ធូរបន្ថយ នៅក្នុងគោលនយោបាយរស់នៅជាមួយជម្ងឺកូវីដ១៩។


មន្ត្រីនាំពាក្យប្រធានាធិបតីកូរ៉េខាងត្បូង លោក Park Kyung-mee បានមានប្រសាសន៍ថា “កាលពីឆ្នាំមុន យើងបានត្រៀមសម្រាប់ការកើនឡើងនៃអ្នកជម្ងឺ គឺស្ទើរតែបង្កើនចំនួនគ្រែព្យាបាលជម្ងឺកូរ៉ូណាពីរដង និងធ្វើការពង្រីកការព្យាបាលនៅតាមផ្ទះ ប៉ុន្តែវានៅតែមិនគ្រប់គ្រាន់”។


នៅក្នុងការថ្លែងរបស់លោកទៅជំនួយការនៅក្នុងកិច្ចប្រជុំមួយ លោក មូន ជេអ៊ីន បានជំរុញមន្ទីរពេទ្យរដ្ឋ ជាពិសេសដែលស្ថិតនៅក្នុងទីក្រុងសេអ៊ូល ឲ្យត្រៀមរៀបចំធនធានបន្ថែមទៀត សម្រាប់ករណីជម្ងឺធ្ងន់ធ្ងរ និងបានស្នើឲ្យមន្ទីរពេទ្យឯកជននិងបុគ្គលិកពេទ្យ ធ្វើការពង្រីកសមត្ថភាពព្យាបាល៕

ប្រែសម្រួល៖ប៉ាង កុង

To Top