វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានស្វែងរកការរំងាប់ការភ័យខ្លាច នៃការវិលត្រឡប់ទៅរក ការបិទសេដ្ឋកិច្ច ដែលបណ្តាលមកពីមេរោគឆ្លង ចំពេលមានការកើនឡើងនៃ ការឆ្លងមេរោគនៅសហរដ្ឋអាមេរិក ជាមួយនឹងទម្រង់ឆ្លងថ្មីអូមីក្រុង ដោយប្រកាសពីផែនការ ដើម្បីចែកចាយការធ្វើតេស្ត នៅផ្ទះដោយឥតគិតថ្លៃចំនួនកន្លះពាន់លាន ដែលចាប់ផ្តើមក្នុងខែមករា ក៏ដូចជាជំហានផ្សេងទៀតដើម្បី រៀបចំសម្រាប់ការរីករាលដាលបន្ថែមទៀត។
លោក បៃដិន បានឲ្យដឹងនៅឯសេតវិមានថា “អ្វីដែលបានកើតឡើងគឺ មេរោគអូមីក្រុង រីករាលដាលកាន់តែលឿន ជាងការគិតទាំងអស់” ប៉ុន្តែបានសង្កត់ធ្ងន់ថា ប្រទេសនេះបានរៀបចំខ្លួនបានល្អប្រសើរជាងពេល ដែលជំងឺរាតត្បាតបានវាយប្រហារកាលពីឆ្នាំមុន។
លោកបានលើកឡើងថា “ទេ នេះមិនមែនជាខែមីនា ឆ្នាំ 2020 នោះទេ។ មនុស្ស ២០០លាននាក់ត្រូវបាន ចាក់វ៉ាក់សាំងពេញលេញ។ យើងបានរៀបចំ យើងបានសិក្សាបន្ថែមទៀត” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
ការកត់សម្គាល់របស់លោក បានកើតឡើងនៅពេល ដែលទម្រង់ឆ្លងអូមីក្រុង កំពុងរីករាលដាលយ៉ាងឆាប់រហ័ស នៅទូទាំងសហរដ្ឋអាមេរិក ជាមួយនឹងទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺបង្ហាញថា មេរោគឆ្លងខ្លាំងមានចំនួនប្រហែល ២/៣ នៃការឆ្លងថ្មីកាលពីសប្តាហ៍មុន។
នៅក្នុងសប្តាហ៍ដំបូងនៃខែធ្នូ ទម្រង់ឆ្លងអូមីក្រុង បានឆ្លងតិចជាង ១ ភាគរយនៃករណីឆ្លងថ្មី ដោយទម្រង់ឆ្លង ដែលតា គឺជាសំពាធលេចធ្លោ នៅក្នុងប្រទេសមួយនេះ។
ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីរក្សាសុវត្ថិភាពមនុស្ស ខណៈពេលដែលអនុញ្ញាតឱ្យសាលារៀន និងសេដ្ឋកិច្ចនៅតែបើកចំហ លោក បៃដិន បានលើកឡើងថា រដ្ឋបាលរបស់លោកនឹងទិញ ការធ្វើតេស្តនៅផ្ទះយ៉ាងឆាប់រហ័សចំនួន ៥០០ លានដែលនឹងអាចរកបាន តាមរយៈគេហទំព័រ ដែលមិនទាន់ត្រូវបានចាប់ផ្តើមមួយ។
រដ្ឋបាលរបស់លោក ក៏បានសម្រេចចិត្តត្រៀមគ្រូពេទ្យ គិលានុបដ្ឋាយិកា និងបុគ្គលិកពេទ្យផ្សេងទៀតរបស់យោធាចំនួន ១០០០នាក់ សម្រាប់ដាក់ពង្រាយទៅកាន់មន្ទីរពេទ្យ ដែលផ្ទុកដោយអ្នកជំងឺ កូវីដ-១៩ ក្នុងអំឡុងខែមករា និងកុម្ភៈផងដែរ ៕
ដោយ ឈូក បូរ៉ា