ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសចិន ធ្វើទស្សនកិច្ច ប្រទេសកេនយ៉ា ស្របពេលមានភាពចលាចល ជុំវិញរឿងបំណុលកើនឡើង

បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន បានចាប់ផ្តើមធ្វើទស្សនកិច្ចប្រទេសកេនយ៉ានៅថ្ងៃពុធ ជាទីដែលរដ្ឋាភិបាលពឹងផ្អែក លើកម្ចីរបស់ចិន ដើម្បីធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងក្លា ជុំវិញការបណ្ដាលឲ្យមាន បន្ទុកបំណុលធ្ងន់ធ្ងរ។ 

ក្រសួងការបរទេសរបស់ប្រទេសកេនយ៉ា បានពិពណ៌នាដំណើរទស្សនកិច្ចធ្វើឡើងដោយលោក វ៉ាង យី ដែលក៏ជាទីប្រឹក្សារដ្ឋផងនោះ ថាជារឿងប្រវត្តិសាស្ត្រ ហើយកិច្ចការសន្តិសុខ សុខាភិបាល បញ្ហាបម្រែបម្រួលអាកាសធាតុ និងការផ្ទេរបច្ចេកវិទ្យាបៃតង នឹងត្រូវលើកយកមកពិភាក្សាគ្នា ហើយកិច្ចព្រមព្រៀងទ្វេភាគីថ្មី ក៏នឹងត្រូវចុះហត្ថលេខា។ 

ប្រទេសកេនយ៉ា គឺជាប្រទេសទី២ ក្នុងចំណោមប្រទេសត្រូវធ្វើទស្សនកិច្ចចំនួន៣ នៅតំបន់អាហ្វ្រិករបស់លោក វ៉ាង យី ក្រោយធ្វើទស្សនកិច្ចប្រទេសអេរីទ្រា និងនៅមុនធ្វើដំណើរ ទៅប្រទេសកូម័រ។ ប្រទេសអេរីទ្រា  នៅក្នុងខែវិច្ឆិកា បានចូលរួមក្នុងផែនការផ្លូវក្រវ៉ាត់របស់លោកប្រធានាធិបតីចិន ស៊ី ជីនពីង ដែលជាផែនការរយៈពេលវែង ផ្តល់មូលនិធិនិងកសាងហេដ្ឋារចនាសម្ពន្ធ ភ្ជាប់ប្រទេសចិន ទៅផ្នែកផ្សេងៗ នៃពិភពលោក។ 

គួរបញ្ជាក់ថា ប្រទេសចិន បានឲ្យប្រាក់កម្ចីរាប់ពាន់លានដុល្លារ ដល់ប្រទេសអាហ្វ្រិកនានា ជាផ្នែកនៃផែនការផ្លូវក្រវ៉ាត់ ដោយរួមទាំង៥ពាន់លានដុល្លារ សម្រាប់ការកសាងផ្លូវដែក ទំនើបមួយខ្សែតភ្ជាប់ពីកំពង់ផែ Mombasa ប្រទេសកេនយ៉ា៕ ប្រែសម្រួល៖ប៉ាង កុង

To Top