ភ្នំពេញ៖ នៅក្នុងជំនួបពិភាក្សាការងារ រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការ អន្តរជាតិ ជាមួយ លោកស្រី អាម៉ានដា មៀលលីង អនុរដ្ឋមន្រ្ដីការបរទេស នៃចក្រភពអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ី ភាគីទាំងពីរ បានលើកឡើងថានឹងចាប់យកឱកាស ដើម្បីការស្តារឡើងវិញ ឱ្យកាន់តែប្រសើរឡើងលើបញ្ហានៅ មីយ៉ាន់ម៉ា ។
តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ លោក ប្រាក់ សុខុន បានសរសេរយ៉ាងដូច្នេះថា «សូមស្វាគមន៍ លោកជំទាវ អាម៉ានដា មៀលលីង អនុរដ្ឋមន្រ្ដីការបរទេសនៃចក្រភពអង់គ្លេស ទទួលបន្ទុកកិច្ចការអាស៊ី ដែលបានមកប្រទេសកម្ពុជា!»។
លោក ប្រាក់ សុខុន បានឱ្យដឹងផងដែរថា «ដោយផ្អែកលើកិច្ចពិភាក្សាទ្វេភាគី យ៉ាងផុសផុល នៅព្រឹកនេះ កម្ពុជា និងចក្រភពអង់គ្លេសមានទស្សនៈ និងចក្ខុវិស័យស្រដៀងគ្នា ច្រើនសម្រាប់ការអភិវឌ្ឍ។
ភាគីទាំងពីរ បានលើកឡើងពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត និងការចាប់យកឱកាស ដើម្បីការស្តារឡើងវិញ ឱ្យកាន់តែប្រសើរ បញ្ហាមីយ៉ាន់ម៉ា និងការការពារសិទ្ធិមនុស្ស ។ល។
ឆ្លៀតឱកាសនេះ ប្រមុខការទូតកម្ពុជា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស ដែលបានបង្ហាញទឹកចិត្តដ៏ថ្លៃថ្លា ចំពោះកម្ពុជាតាមរយៈជំនួយផ្សេងៗ ជាពិសេសការបរិច្ចាគវ៉ាក់សាំង។
ប្រមុខការទូតកម្ពុជា បញ្ជាក់ថា «អាស៊ានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្កើនភាពជិតស្និទ្ធ ជាមួយចក្រភពអង់គ្លេស ខណៈដែលទើបបានក្លាយជាដៃគូសន្ទនាថ្មី ទី១១ របស់អាស៊ានកាលពីឆ្នាំមុន»។
គូសបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោកស្រី Milling បានជួបជាមួយដៃគូកម្ពុជាជាច្រើន ក្នុងជួររដ្ឋាភិបាល ធុរកិច្ច និងសង្គមស៊ីវិល ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងជាមួយប្រទេសក្នុងតំបន់ ការជំរុញពាណិជ្ជកម្ម ការដោះស្រាយវិបត្តិកូវីដ១៩ តម្លៃ ការប្រែប្រួលអាកាសធាតុ និងតួនាទីរបស់ចក្រភពអង់គ្លេសក្នុងនាមជាដៃគូសន្ទនា៕