ព័ត៌មានជាតិ

ជប៉ុន សម្រេចផ្តល់កម្ចី ជិត២០០លានដុល្លារឲ្យកម្ពុជា ឆ្លើយតបវិបត្តិកូវីដ

ភ្នំពេញ ៖ ជាថ្មីម្តងទៀត មិត្តជប៉ុនបានសម្រេចផ្តល់កម្ចីនូវទឹកប្រាក់ ចំនួន១៨៥លានដុល្លារ ឲ្យកម្ពុជា បន្ថែមក្នុងដំណាក់កាលទី២ ដើម្បីឆ្លើយតបវិបត្តិនៃជំងឺកូវីដ-១៩នៅកម្ពុជា។

ការផ្តល់ប្រាក់កម្ចីនេះ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខា ប្រគល់-ទទួល នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃ១២ មករា ។

បើតាមហ្វេសប៊ុកសម្តេចតេជោ ថវិកាកម្ចីនេះ ប្រើសម្រាប់គាំទ្រសកម្មភាពនៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឆ្លើយតបទៅនឹងផលប៉ះពាល់សុខភាព, សង្គម និងសេដ្ឋកិច្ច ដោយសារជំងឺកូវីដ-១៩ ជាពិសេសលើជំនួយសង្គមសម្រាប់ពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះមានដូចជា ៖ ប្រជាពលរដ្ឋមានជីវភាពស្ថិតក្រោមបន្ទាត់ភាពក្រីក្រ , ចាស់ជរា , ស្ត្រី , កុមារ និងជនជាតិដើមភាគតិចជាដើម ។

សម្តេចតេជោ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ កំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-សេរីសោភ័ណដែលជាជំនួយរបស់ជប៉ុន នាថ្ងៃទី១០ មករា បានកោតសរសើរចំពោះប្រទេសជប៉ុនក្នុងការផ្តល់ជំនួយឥតសំណង និងកម្ចី ដោយសម្ដេចបានថ្លែងក្នុងន័យលេងសើចថា បើសិនជាកម្ពុជា ជាប្រទេសអ្នកមានដូចជប៉ុន កម្ពុជានឹងផ្ដល់ជំនួយឲ្យប្រទេសផ្សេងៗអស់ហើយ ។ បើតាមសម្តេច គឺជប៉ុន បានផ្ដល់ជំនួយមកកម្ពុជា ប្រមាណ១៤០០លានដុល្លារ រួចទៅហើយ ៕

To Top