ព័ត៌មានជាតិ

សម្ដេចតេជោ នឹងខិតខំធ្វើការ ជាមួយរដ្ឋាភិបាល មីយ៉ាន់ម៉ា បន្តទៀត ដើម្បីរកដំណោះស្រាយ ខណៈសម្តេច នឹងជួបលោក មីន អោងឡាំងថ្ងៃស្អែក (Video)

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបញ្ជាក់ពីការប្តេជ្ញាថា នឹងខិតខំធ្វើការងារ ជាមួយរដ្ឋាភិបាល មីយ៉ាន់ម៉ា ជាបន្តបន្ទាប់ទៀត ដើម្បីធ្វើយ៉ាងណាដោះស្រាយ បញ្ហានៅមីយ៉ាន់ម៉ា ។

សម្តេចប្រកាស ជួបសន្ទនាជាមួយ លោក មីន អោងឡាំង ថ្ងៃស្អែកនេះ ម្តងទៀត ក្រោយពីទស្សនកិច្ច នៅមីយ៉ាន់ម៉ា នាដើមខែនេះ។

ក្នុងជំនួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូជាមួយ លោក Ismail Sabri Yaakob នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ សម្ដេចតេជោមានប្រសាសន៍ថា «នឹងខិតខំធ្វើការងារជាមួយរដ្ឋាភិបាល មីយ៉ាន់ម៉ា ជាបន្តទៀត ដើម្បីធ្វើយ៉ាងណាដោះស្រាយ បញ្ហានៅមីយ៉ាម៉ា ។ លទ្ធផលមួយទៀត គឺបានជំរុញឲ្យមានកិច្ចសន្ទនា ដែលស្ថិតនៅក្នុងចំណុចទាំង៥ ដែលបានឯកភាពគ្នា ជាឯកច្ឆន្ទនោះ» ។

សម្ដេចបន្ដថា ស្ថានភាពនៅមីយ៉ាន់ម៉ា ពិតជាមានភាពស្មុគស្មាញ និងមានការលំបាក ដូច្នេះមិនអាចដោះស្រាយ ក្នុងរយៈពេលខ្លីបាននោះទេ ប៉ុន្តែអ្វីដែលសំខាន់ ធ្វើយ៉ាងណា ឲ្យមានការចរចា រកដំណោះស្រាយ និងត្រូវមានការបញ្ជូន អំណោយមនុស្សធម៌ ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលត្រូវការជាចាំបាច់ ។

ចំពោះការលើកឡើងថា ក្រោយពីទស្សនកិច្ច របស់សម្ដេចទៅមីយ៉ាម៉ា ស្រាប់តែមានការកាត់ទោស លោកស្រី អោង សានស៊ូជី រយៈពេល៤ ឆ្នាំ និងប្រើប្រាស់យន្តហោះ ក្នុងប្រតិបត្តិការយោធា ។ សម្ដេចតេជោ ឆ្លើយតបវិញថា “សម្ដេចនឹងជួបពិភាក្សា តាមវីដេអូជាមួយ លោក មីន អោងឡាំង នៅថ្ងៃស្អែក ដើម្បីចង់ដឹងបន្ថែមទៀត អំពីការងារទាំងអស់នេះ” ។

សម្ដេចតេជោបន្តថា សម្តេចនឹង អញ្ជើញ លោក មីន អោងឡាំង ចូលរួមកិច្ចប្រជុំអាស៊ាន បើមានវឌ្ឍនៈភាពរីកចម្រើន ក្នុងការអនុវត្តនូវកិច្ចព្រមព្រៀង ចំណុចទាំង៥ ដែលបានព្រមព្រៀង ជាឯកច្ឆន្ទ តែបើសិនជាមិនមានទេ ត្រូវបញ្ជូនតំណាង ដែលមិនមែននយោបាយ ចូលរួមប្រជុំអាស៊ានផងដែរ។

សម្ដេចមានប្រសាសន៍រំលឹកថា នៅពេលនេះអាស៊ាន មានការងារជាច្រើនទៀត ដែលត្រូវធ្វើ ដូច្នេះអាស៊ាន មិនអាចក្លាយទៅជាចំណាប់ខ្មាំង នៃមីយ៉ាន់ម៉ាបានទេ ។

សម្រាប់លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងពីការយល់អំពីដំណើរទស្សនកិច្ចសម្ដេចតេជោ ទៅកាន់មីយ៉ាន់ម៉ាថា មានសារៈសំខាន់សម្រាប់អាស៊ាន និងសហគមន៍អន្តរជាតិ ។ លោកលើកឡើងពីសារសំខាន់ ក្នុងការដោះស្រាយនៅមីយ៉ាន់ម៉ា ដែលទាមទារត្រូវតែចូល រួមទាំងអស់គ្នា ជាពិសេស នៅក្នុងក្រប ខណ្ឌធម្មនុញ្ញអាស៊ាន ។

សូមបញ្ជាក់ថា ស្ថានការណ៍នយោបាយនៅមីយ៉ាន់ម៉ា ក្លាយជាប្រធានបទសម្រាប់ បណ្តាប្រទេស ជាសមាជិកអាស៊ានផ្សេងទៀត ក្នុងការជជែកគ្នា ហើយប៉ុន្មានថ្ងៃជាប់គ្នាមកនេះ សម្តេចបានជួបថ្នាក់ ដឹកនាំប្រទេសជាសមាជិកអាស៊ាន ជាបន្តបន្ទាប់លើបញ្ហានៅមីយ៉ាន់ម៉ា ៕

To Top