បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានបង្ហាញនូវការស្វាគមន៍ ចំពោះកិច្ចពិភាក្សា ៤ភាគី ជាមួយប្រទេសរុស្ស៊ី បារាំងនិងអាល្លឺម៉ង់ ថាជាវិធានការដ៏មានអត្ថន័យ ឆ្ពោះទៅរកសន្តិភាព នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ចេញដោយការិយាល័យ ប្រធានាធិបតីអ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍នេះ។
តាមសេចក្តីរាយការណ៍ សេចក្តីថ្លែងការណ៍នោះ បាននិយាយយ៉ាងដូច្នេះថា “ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ធ្វើការវាយតម្លៃបែបវិជ្ជមាន ចំពោះកិច្ចប្រជុំនោះ ថាមាសភាពស្ថាបនា ក៏ដូចជាបំណងបន្តកិច្ចពិភាក្សាដ៏មានន័យ សម្រាប់រយៈពេល២សប្ដាហ៍ នៅក្នុងទីក្រុងប៊ែកឡាំង”។
គួរបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ ប្រទេសរុស្ស៊ីបានធ្វើការប្រមូលផ្តុំ យោធារបស់ខ្លួន នៅតាមព្រំដែនជាប់នឹងប្រទេសអ៊ុយក្រែន បង្កឲ្យលោកខាងលិច មានការភ័យខ្លាចថា ប្រទេសរុស្ស៊ីនឹងធ្វើការឈ្លានពាន ទៅលើប្រទេសអ៊ុយក្រែនជាថ្មីម្តងទៀត។
យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន BBC បានឲ្យដឹងថា សហរដ្ឋអាមេរិក អាចនឹងរារាំងរុស្ស៊ីមិនឲ្យ ធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ពាក់ព័ន្ធនឹងប្រាក់ដុល្លារសហរដ្ឋអាមេរិក ហើយកាន់តែសំខាន់នោះ គឺក្រុមហ៊ុនលោកខាងលិចណាមួយ ដែលអនុញ្ញាតឲ្យស្ថាប័នរុស្ស៊ី ជួញដូរជាប្រាក់ដុល្លារនោះ នឹងប្រឈមមុខចំពោះការដាក់ពិន័យ ៕
ប្រែសម្រួល៖ ប៉ាង កុង