ព័ត៌មានជាតិ

បញ្ជូនខ្លួនគូស្នេហ៍​ សាហាយស្មន់១គូ ទៅកាន់តុលាការ ចាត់ការតាមច្បាប់ ពាក់ព័ន្ធអំពើឃាតកម្ម ​គិតទុកជាមុន ដាក់ថ្នាំពុលក្នុងកែវស្រាស សម្លាប់ប្តី នៅខេត្តប៉ៃលិន

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ ខេត្តប៉ៃលិន កាលពីថ្ងៃទី៧ ខែ កុម្ភៈ ឆ្នាំ២០២២នេះ បានបញ្ជូនខ្លួន ជនសង្ស័យប្រុស-ស្រី ២នាក់ ដែលត្រូវជាដៃគូរស្នេហានឹងគ្នា ទៅកាន់ស្ថាប័នអយ្យការ អមសាលាដំបូងខេត្តប៉ៃលិន ដើម្បីចាត់ការតាមផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹង អំពើឃាតកម្មគិតទុកជាមុន ដោយរួមគំនិតគ្នា សម្លាប់បុរសកម្មករដំឡូងម្នាក់ ដោយដាក់ថ្នាំសម្លាប់ស្មៅក្នុងកែវស្រា របស់ជនរងគ្រោះ ហើយយកទៅវាលសម្លាប់ចោល ក្នុងចម្ការដំឡូង ប្រព្រឹត្តកាលពីថ្ងៃទីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ នៅចំណុច ភូមិ អូរកន្ធៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ​ ខេត្តប៉ៃលិន បានឲ្យដឹងថា ជនសង្ស័យប្រុស-ស្រី ទាំង២នាក់នេះ មានឈ្មោះ ទី ១-ឈ្មោះ ឈឹម ឈន ភេទស្រី អាយុ ៤២ឆ្នាំ (ជាប្រពន្ធជនរងគ្រោះ) ។ និងទី២-ឈ្មោះ ខៀវ សង្ហា ហហៅក្អាត់ ភេទប្រុស អាអាយុ៣៦ឆ្នាំ( ត្រូវជាសាហាយ របស់ឈ្មោះ ឈឹម ឈន)។

ចំណែកឯជនរងគ្រោះ មានឈ្មោះ ពិន សុ ខន ភេទប្រុស អាយុ ៤៥ឆ្នាំ ជាកម្មករ (ត្រូវជាប្តីរបស់ឈ្មោះ ឈឹម ឈន)។

ពួកគេទាំង៣នាក់ មានមុខរបរជាកម្មករដំឡូងមី មានទីលំនៅ ភូមិអូរកន្ធៀង វ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

បច្ចុប្បន្ន ជនសង្ស័យប្រុស-ស្រី ទាំង២នាក់ខាងលើ ត្រូវបានជាប់ចោទពីបទ «ឃាតកម្មគិតទុកជាមុន» និងប្រឈមនឹងការជាប់គុកក្នុងម្នាក់ៗ អស់មួយជីវិត ប្រសិនបើតុលាការ រកឃើញពីពិរុទ្ធភាព។

ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២៕ ដោយ៖ លីហ្សា

To Top