ប៉េកាំង ៖ អ្នកនាំពាក្យរបស់ចិនដីគោក បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ប្រឆាំងនឹងខ្លឹមសារ ដែលទាក់ទងនឹង តៃវ៉ាន់ នៅក្នុងរបាយការណ៍ ដែលគេហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក” ដែលចេញផ្សាយដោយរដ្ឋបាល សហរដ្ឋអាមេរិក នាពេលថ្មីៗនេះ។
លោក Ma Xiaoguang អ្នកនាំពាក្យការិយាល័យ កិច្ចការតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋ បានលើកឡើងថា ខ្លឹមសារពាក់ព័ន្ធបានជ្រៀតជ្រែក យ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន រំលោភលើគោលការណ៍ចិនតែមួយ និងបទដ្ឋានជាមូលដ្ឋានក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ និងធ្វើឱ្យខូចដល់សន្តិភាព និងស្ថិរភាពនៅទូទាំង ច្រកសមុទ្រតៃវ៉ាន់ ។
ដោយកត់សម្គាល់ថា តៃវ៉ាន់គឺជាផ្នែកដែលមិនអាចកាត់ផ្តាច់បាន នៃទឹកដីរបស់ចិន លោក Ma បានលើកឡើងថា អនាគតរបស់តៃវ៉ាន់អាច និងត្រូវតែសម្រេចរួមគ្នា ដោយប្រជាជនចិនទាំងអស់ ដោយបន្ថែមថាអនាគត និងផលប្រយោជន៍របស់តៃវ៉ាន់ ស្ថិតនៅក្នុងការបង្រួបបង្រួមជាតិ។
អ្នកនាំពាក្យរូបនេះ បានជំរុញឱ្យភាគីអាមេរិក គោរពតាមគោលការណ៍ចិនតែមួយ និងសេចក្តីថ្លែងការណ៍រួមរវាងចិន-អាមេរិកទាំង៣ និងឈប់លេងជាមួយភ្លើង លើបញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ ។
លោក Ma បានបន្ដថា ការប៉ុនប៉ងរបស់អាជ្ញាធរ គណបក្សរីកចម្រើនប្រជាធិបតេយ្យ ក្នុងការស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” ដោយការឃុបឃិតជាមួយ កងកម្លាំងខាងក្រៅ និងដើរតួជាកូនអុកនៅក្នុងគម្រោងប្រឆាំងចិន របស់សហរដ្ឋអាមេរិក នឹងបរាជ័យ៕
ដោយ ឈូក បូរ៉ា