ព័ត៌មានអន្តរជាតិ

ក្រុងហុងកុង ប្រកាសសញ្ញា អាសន្នកម្រិតខ្ពស់ ដោយសារផ្ទុះជំងឺ រលាកសួតកំពុង រាលដាលកាន់តែខ្លាំង

ហុងកុង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ថា ក្រុមមន្ត្រីនៅមន្ទីរពេទ្យ នៅក្នុងក្រុងហុងកុង បានប្រកាសអំពីសញ្ញាប្រុងប្រយ័ត្នក្នុងកម្រិតមួយ “គ្រោះថ្នាក់បំផុត” កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ខណៈដែលជំងឺចម្លែក ដែលជាជំងឺរលាកសួតបានផ្ទុះឡើង នៅដែនដីកោះសំខាន់របស់ប្រទេសចិន បន្តឆ្លងរាលដាលកាន់តែខ្លំាងឡើងៗ ។

ការឆ្លងជំងឺ ត្រូវបានគេរាយការណ៍ជាលើកដំបូង កាលពីថ្ងៃទី២៤ ខែធ្នូ នៅក្រុង Wuhan ដែលជាទីក្រុងស្ថិតចំកណ្តាល របស់ប្រទេសចិន ដែលមានពលរដ្ឋរស់ នៅទីនោះប្រមាណជាង១១លាននាក់ ដែលនាំឲ្យមានព័ត៌មាន បានផ្សព្វផ្សាយនៅលើអនឡាញ អំពីការផ្ទុះឡើងនៃជំងឺផ្តាសាយកម្រិតខ្លាំងបំផុត ដូចជាជំងឺ SARS ដែលបង្កឡើងដោយវីរុស ដែលបានសម្លាប់មនុស្សរាប់រយនាក់ នៅក្នុងឆ្នាំ២០០២ដល់ឆ្នាំ២០០៣ ។

ករណីដែលបានកើតឡើង ត្រូវបានគេរាយការណ៍មកថា ឥឡូវនេះបានកើនឡើងពី ២៧ដល់៤៤ករណី ជាមួយគ្នានេះដែរ ពលរដ្ឋ១១នាក់ បានក្នុងបញ្ជីឈ្មោះដែលមានស្ថានភាពធ្ងន់ធ្ងរបំផុត ។ ក្រុមតាមដានសុខភាពសាធារណៈចិន បានឲ្យដឹងដូច្នេះ ។

ការផ្ទុះជំងឺ បង្កភាពភ័យខ្លាច នៅក្នុងក្រុងហុងកុង នៅគ្រាដែលស្ត្រីម្នាក់ ដែលជាអ្នកធ្វើដំណើរទៅកាន់ក្រុង Wuhan នៅក្នុងអំឡុងបុណ្យ Christmas ហើយបានបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីព្យាបាលការឆ្លងចូលប្រព័ន្ធផ្លូវដង្ហើម ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top