ភ្នំពេញ៖ លោក Miyake Shingo អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន បានបង្ហាញនូវជំនឿមួយថា ទំនាក់ទំនង រវាងកម្ពុជា-ជប៉ុន នឹងកាន់តែរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត ជាពិសេស លើការវិនិយោគនៅកម្ពុជា។
ការបង្ហាញជំនឿ ពីសំណាក់មន្រ្តីជាន់ខ្ពស់ជប៉ុន បែបនេះធ្វើឡើង នៅក្នុងជំនួបពិភាក្សាការងារ រវាង ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជាមួយ លោក Miyake Shingo កាលព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
ក្នុងជំនួបនោះ លោក Miyake Shingo អនុរដ្ឋមន្ត្រីការបរទេសនៃប្រទេសជប៉ុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ច របស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូ មកកាន់ប្រទេសជប៉ុន។
ទន្ទឹមនឹងនេះ លោកមានភាពជឿជាក់ថា «នាពេលខាងមុខនេះ ចំណងមិត្តភាព សាមគ្គីភាពនៃប្រទេសទាំងពីរ នឹងកាន់តែរឹងមាំនិងស៊ីជម្រៅ ថែមទៀត ជាពិសេសការជម្រុញ អ្នកវិនិយោគជប៉ុនមកកម្ពុជា»។
ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ដែលបានផ្តល់ជូនគណៈប្រតិភូ កងទ័ពជើងគោកកម្ពុជា និងអរគុណ រដ្ឋាភិបាល កងកម្លាំងស្វ័យការពារ និងប្រជាជនជប៉ុន ដែលតែងតែរក្សាចំណង មិត្តភាព ល្អជាមួយកម្ពុជាជាប់រហូតមក។
លោក ក៏បានគាំទ្រចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ជប៉ុននៅកម្ពុជា ដោយក្រុមហ៊ុនតែងបានគោរពច្បាប់ និងអនុវត្តការលើកកម្ពស់ លក្ខខណ្ឌការងារ សម្រាប់កម្មករនិយោជិត បានយ៉ាងល្អប្រសើរ។
ក្នុងជំនួបនេះភាគីទាំងពីរ បានព្រមព្រៀងក្នុងការសិក្សា លើលទ្ធភាពក្នុងការពង្រីកវិសាលភាពនៃ កិច្ចសហប្រតិបត្តិការ លើវិស័យនានាបន្ថែមទៀត ដើម្បីបង្កើនឱ្យមានសកម្មភាព ទំនាក់ទំនងកាន់តែខ្លាំងក្លាទ្បើង៕