ភ្នំពេញ ៖ “អ្នកដែលមិនអរគុណសន្តិភាព និងចង់បំផ្លាញសន្តិភាព កំពុងនឹកគុក និងចង់ចូលគុក” នេះជាគឺជាប្រសាសន៍របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក្នុងបណ្តាញតេឡេក្រុម នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ។
ពាក្យ “អរគុណសន្តិភាព” កំពុងតែបង្ហាញរាងយ៉ាងស្រស់ស្អាត នៅគ្រប់ស្ថាប័នរដ្ឋទាំងអស់ ។ ក្នុងនោះនៅតាមសាលារៀន ទីផ្សារ និងកន្លែងទីសាធារណៈដទៃទៀតក៏មានការចងបដាបង្ហាញ រូបរាងយ៉ាងព្រោងព្រាត ។ ពាក្យ “អរគុណសន្តិភាព” គឺសម្តេចបានផ្ញើសារក្រោយពីចូលឆ្នាំ២០២០ ។
ប៉ុន្តែក្រោយពីបង្ហាញសាររួចហើយ មានបុគ្គលមួយចំនួន បានលើកឡើងពីការរិះគន់ និងបង្ហាញការមិនពេញចិត្តផងដែរ ។
លោក សុខ ឥសាន បន្តទៀតថា អ្នកមិនអរគុណសន្តិភាពគឺចង់ឲ្យកម្ពុជាវិល ទៅរកចំណុចសូន្យវិញ តែសូន្យចំពោះក្រុមឧទ្ទាមក្រៅច្បាប់ និងបក្ខពួកគេទេ ដែលចង់បានសូន្យនោះ ។
លោកបានឌឺដងទៅកាន់អតីតមន្រ្តីបក្សប្រឆាំងថា មានតែក្រុមឧទ្ទាមក្រៅច្បាប់ទេ ដែលគ្មានសន្តិសុខផ្លូវកាយ និងផ្លូវចិត្តដោយសារប្រព្រឹត្តខុស ល្មើសច្បាប់ និងរំលោភច្បាប់ ។
លោកថា អរគុណសន្តិភាព ធ្វើឲ្យមនុស្សគ្រប់រូបមានឱកាសស្មើគ្នា និងការគោរពសិទ្ធិមនុស្ស ។
ជាមួយគ្នានេះ លោកបន្ថែមថា ចង់មានសន្តិភាពពិតប្រាកដ ត្រូវពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដោយមិនត្រូវប្រព្រឹត្តល្មើសច្បាប់ ហើយបើល្មើសច្បាប់ នឹងគ្មានសន្តិភាពក្នុងចិត្តទេ ៕