ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន លោក ខៀវ កាញារីទ្ធ បានលើកឡើងលើបណ្តាញសង្គមថា សង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ធ្វើឲ្យក្រុមប្រទេសអឺរ៉ុប ដែលតែងតែជ្រកក្រោម លេសប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដើម្បីលូកដៃអន្តរាគមន៍ ទៅក្នុងគ្រប់ទិសតំបន់ នៃពិភពលោក ច្រាសច្រាល់ របើកក្បាំងមុខ ដែលគេពាក់តាំង ពីក្រោយសង្គ្រាមលោកលើកទី២ នោះគឺ ទីមួយ ការគោរពសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន និងទីពីរ សមភាព រវាងប្រជាជាតិនានា ។
ក្នុងសំណេរ របស់លោករដ្ឋមន្រ្តីព័ត៌មាន លើបណ្តាញសង្គម នាថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២នេះ បានលើកឡើងថា “ការគោរពសិទ្ធិបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន ដែលគេតែងលើកឡើង នៅពេលនេះ ត្រូវថោកជាងសម្រាម បន្ទាប់ពីពួកគេបាន សំរេចបិទ មិនឲ្យមានការផ្សាយ របស់គ្រប់បណ្តាញព័ត៌មានណា ដែលគេយល់ថា គាំទ្រដោយរុស្ស៊ី ។ ឯសមភាពប្រជាជាតិ ក៏ត្រូវរង្គោះរង្គើ នៅពេលដែលគេបើកទ្វារ ទទួលអ្នកភៀសខ្លួន អ៊ុយក្រែន ជិត១លាននាក់ តែបង្ហើបតែតិចតួច ទទួលអ្នកភៀសខ្លួន ពីមជ្ឈឹមបូព៌ា និងអាហ្វ្រិកតែប៉ុននោះ” ។
នៅក្នុងហ្វេសប៊ុកលោក ខៀវ កាញារីទ្ធ ផ្សេងពីការនិយាយ ពីសិទ្ធិព័ត៌មាននេះ ក៏បានបង្ហាញជារូបថ្លុក មួយពាក់ព័ន្ធនឹងប្រទេស ដែលត្រូវបានហែកហួរ ដោយសង្គ្រាម ដូចជា អ៊ីរ៉ាក់ លីប៊ី ស៊ីរី វៀតណាម និងអាហ្វហ្គានីស្ថាន ក្រោមការលូកដៃពីសហរដ្ឋអាមេរិក និងបក្ខពួករបស់គេ ហើយដៃទាំងនោះ បានប្រឡាក់ពោលពេញទៅដោយឈាមជនស្លូតត្រង់ ។
គួរឲ្យដឹងថា បណ្តាញសារព័ត៌មានរុស្ស៊ី មួយចំនួន ត្រូវបានបិទដូចជា គឺ RT និង Sputnik ជាដើម ក្នុងនោះបិទ មិនឲ្យដំណើរការ នូវបណ្តាញសង្គម ហ្វេសប៊ុកផងដែរ ៕