ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ ស្ថាបនាផ្លូវ២ខ្សែទៀត សម្រួលចរាចរណ៍ផ្លូវជាតិលេខ៦A ទៅមហាវិថីឈ្នះឈ្នះ ត្រៀមសម្រាប់ធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនា កំណាត់ផ្លូវចំនួន ២ខ្សែទៀត ដើម្បីលើកសោភណ្ឌភាព រាជធានីភ្នំពេញ និងដើម្បីរំដោះចរាចរណ៍ ពីផ្លូវជាតិលេខ៦A ទៅមហាវិថីឈ្នះឈ្នះ ពិសេសដើម្បីសម្រួលចរាចរណ៍ នៅក្នុងឱកាសកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម នៅចុងឆ្នាំ២០២៣ខាងមុខ ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១៦ មីនាថា កំណាត់ ផ្លូវ២ខ្សែនេះ ជាគម្រោង របស់រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំ របស់លោក ឃួង ស្រេង ដោយប្រើប្រាស់ពេលវេលា នៃការស្ថាបនាចំនួន២ឆ្នាំ ។ ការដ្ឋាននេះ បានចាប់ផ្តើមពីខែមករា ឆ្នាំ២០២១ ហើយគ្រោងបញ្ចប់ នៅខែវិច្ឆិកាឆ្នាំ២០២២ ។

មន្ត្រីដដែលរូបនេះ បញ្ជាក់ថា កំណាត់ផ្លូវ២ខ្សែ ដែលកំពុងស្ថាបនានេះ រួមមាន ផ្លូវទី១ ជាផ្លូវបេតុងឆ្អឹងដែក កម្រាស់២០សង់ទីម៉ែត្រ ទទឹងផ្លូវ១៥ម៉ែត្រ រៀបខឿនទ្រូងផ្លូវបែងចែកចរាចរណ៍ រៀបបរឌៀរ និងការ៉ឺឡាសងខាងចិញ្ចើមផ្លូវ ទទឹង២,៥ម៉ែត្រ មានទទឹងសរុប២០ម៉ែត្រ ប្រវែងសរុប ៨២៤០ម៉ែត្រ ចាប់ពីផ្លូវជាតិលេ៦ ដល់ផ្លូវគល់ស្ពានឈ្នះឈ្នះ ។ ដាក់លូសងខាងផ្លូវទំហំ១,២ម៉ែត្រ ចាប់ពីផ្លូវជាតិលេ៦ ដល់ស្ពានព្រែកតាគង់ ។ ដាក់លូសងខាងផ្លូវទំហំ១,៥ម៉ែត្រ ចាប់ពីស្ពានព្រែកតាគង់ ដល់ព្រែកម្រៀល ។ ផ្លូវនេះ បានដាក់លូប្រអប់សង់ខាងទំហំ ២,៥ម៉ែត្រx២ម៉ែត្រពីរជួរ ចាប់ពីព្រែកម្រៀល ដល់ផ្លូវខ្សែទី៣ ។ ដាក់លូប្រអប់សងខាងផ្លូវទំហំ១,៥ម៉ែត្រ ចាប់ពីសាលាព្រែករាំង ដល់ផ្លូវគល់ស្ពានឈ្នះឈ្នះ។

ចំណែក ផ្លូវទី២ ជាផ្លូវបេតុងឆ្អឹងដែកកម្រាស់ ២០សង់ទីម៉ែត្រទទឹងផ្លូវ ១៥ម៉ែត្ររៀបខឿនទ្រូងផ្លូវ បែងចែកចរាចរណ៍ រៀបបរឌៀរ និងការ៉ឺឡា សងខាងចិញ្ចើមផ្លូវ ទទឹង២,៥ម៉ែត្រ មានទទឹង សរុប២០ម៉ែត្រ ប្រវែងសរុប៦៩១៦ម៉ែត្រ ចាប់ពីផ្លូវខ្សែទី២ ត្រង់ចំណុច PK0+830 ដល់មហាវិថីឈ្នះឈ្នះ ។ ដាក់លូសងខាងផ្លូវទំហំ១ម៉ែត្រ ចាប់ពីផ្លូវខ្សែទី២ ដល់មាត់ព្រែកតាគង់ ។ ដាក់លូប្រអប់ទំហំ២,៥ម៉ែត្រx២ម៉ែត្រ ពីរជួរចាប់ពីមាត់ព្រែកតាគង់ ដល់ចំណុចផ្លូវទំនប់ឧកញ៉ាលីយ៉ុងផាត់ ។ ដាក់លូសងខាងផ្លូវទំហំ១,៥ម៉ែត្រ ចាប់ពីផ្លូវទំនប់ឧកញ្ញាលីយ៉ុងផាត់ ដល់មហាវិថីឈ្នះឈ្នះ ៕

To Top