ព័ត៌មានអន្តរជាតិ

រុស្ស៉ី ទាមទារឲ្យកងទ័ពអ៊ុយក្រែន នៅក្នុងទីក្រុង Mariupol ដាក់អាវុធសុំចុះចាញ់

ម៉ូស្គូ៖ ប្រទេសរុស្ស៊ី បានអំពាវនាវឱ្យកងកម្លាំងអ៊ុយក្រែន ដាក់អាវុធរបស់ពួកគេចុះហើយចុះចាញ់នៅក្នុងទីក្រុងកំពង់ផែភាគខាងកើត Mariupol ជាកន្លែងដែលទីក្រុងម៉ូស្គូ បានឲ្យដឹងថា “មហន្តរាយមនុស្សធម៌ដ៏គួរឱ្យភ័យខ្លាច” កំពុងកើតឡើង។

លោកវរសេនីយ៍ឯក Mikhail Mizintsev នាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងការពារជាតិរុស្ស៊ីបានឲ្យដឹងនៅក្នុងសន្និសីទខ្លីមួយ ដែលចែកចាយដោយក្រសួងការពារជាតិថា “ទម្លាក់អាវុធរបស់អ្នកចុះ” ។

លោក Mizintsev បានលើកឡើងថា “មហន្តរាយមនុស្សធម៌ដ៏គួរឱ្យភ័យខ្លាចមួយបានវិវត្ត អ្នក​ទាំងអស់​ដែល​ដាក់​អាវុធ​ចុះ ត្រូវ​បាន​ធានា​ឱ្យ​មាន​សុវត្ថិភាព​ចេញ​ពី Mariupol” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរី។

ទីក្រុង Mariupol បានទទួលរងនូវការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរបំផុតចាប់តាំងពីរុស្ស៊ី បានឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ អ្នកស្រុកជាច្រើនក្នុងចំណោមអ្នកស្រុក ៤០ម៉ឺននាក់ របស់ខ្លួននៅតែជាប់នៅក្នុងទីក្រុងដោយមិនមានអាហារ ទឹក និងថាមពលប្រើប្រាស់តិចតួច។

លោក Mizintsev បានបន្ដថា ច្រករបៀងមនុស្សធម៌សម្រាប់ជនស៊ីវិល នឹងត្រូវបើកទៅទិសខាងកើត និងខាងលិចចេញពីទីក្រុង Mariupol នៅម៉ោង ១០ព្រឹកមិញនេះ ម៉ោងនៅទីក្រុងម៉ូស្គូ នៅថ្ងៃចន្ទ។

លោកបានបញ្ជាក់ថា អ៊ុយក្រែន មានពេលរហូតដល់ម៉ោង ៥ព្រឹកម៉ោងនៅទីក្រុងម៉ូស្គូ ដើម្បីឆ្លើយតបទៅនឹងការផ្តល់ជូននៅលើច្រករបៀងមនុស្សធម៌ និងការបញ្ឈប់ការផ្ទុះអាវុធ៕ប្រែសម្រួល ឈូក បូរ៉ា

To Top