ព័ត៌មានអន្តរជាតិ

ចិនថ្កោលទោស ការអះអាងរបស់អាមេរិក ចំពោះ “ការដឹងមុន” លើប្រតិបត្តិការយោធារុស្ស៊ី នៅអ៊ុយក្រែន

" "

ប៉េកាំង៖ អ្នកនាំពាក្យយោធាចិន បានបរិហារ ការអះអាងរបស់អាមេរិកដែលថា ចិនបានដឹងមុន អំពីប្រតិបត្តិការយោធារបស់រុស្ស៊ី នៅអ៊ុយក្រែនថាជាព័ត៌មានមិនពិត។ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ។

លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិ របស់ចិន បានលើកឡើងថា ការផ្សព្វផ្សាយព័ត៌មានមិនពិតបែបនេះ ដោយសហរដ្ឋអាមេរិក មានគោលបំណង ដើម្បីគេចចេញពីការទទួលខុសត្រូវ និងធ្វើឱ្យខូច ដល់ប្រទេសចិន។

" "

លោក Wu បានបន្ដថា “យើងជឿជាក់ថា ដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន យើងត្រូវប្រកាន់ខ្ជាប់នូវគោលបំណង និងគោលការណ៍ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយគោរព និងការពារអធិបតេយ្យភាព និងបូរណភាពទឹកដី នៃប្រទេសទាំងអស់”។

" "

លោក Wu បានបន្ថែមថា វាជារឿងសំខាន់ណាស់ក្នុងការប្រកាន់ខ្ជាប់ នូវគោលការណ៍នៃសន្តិសុខ ដែលមិនអាចបំបែកបាន និងសម្របសម្រួលបញ្ហា សុវត្ថិភាពស្របច្បាប់ របស់ភាគីពាក់ព័ន្ធ។

លោកបានសង្កត់ធ្ងន់ លើតម្រូវការក្នុងការដោះស្រាយជម្លោះ ដោយមធ្យោបាយដោយសន្តិវិធី តាមរយៈការសន្ទនា និងការចរចា ហើយចងចាំនូវសន្តិភាព និងស្ថិរភាពរយៈពេលវែងនៃតំបន់ ហើយដាក់ឱ្យមានតុល្យភាព ប្រសិទ្ធភាព និងនិរន្តរភាពនៃស្ថាបត្យកម្មសន្តិសុខអឺរ៉ុប៕

ប្រែសម្រួល ឈូក បូរ៉ា

To Top